(ព្រៃវែង)៖ លោក ជា ចំណាន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងភរិយា ព្រមទាំង បុត្រា បុត្រី រួមទាំងញាតិមិត្តបងប្អូនជិតឆ្ងាយ បានចែកទេយ្យទាន ផ្តល់ជូន ដូនជី តាជី ចំនួន ១០៨នាក់ និងកូនសិស្ស ស្រីប្រុស ចំនួន ១០៨នាក់ ក្នុងភូមិបទសន្រ្ទាក្រោម ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ។

ដោយក្នុងនោះ ដូនជី តាជី ម្នាក់ៗ ទទួលបាន មុង១ ភួយ១ ថ្នាំសង្កូវ និងថវិកាមួយចំនួន ចំណែកសិស្សានុសិស្សក្នុងម្នាក់ៗ ក៏ទទួលបាន កង់១គ្រឿង និងសម្ភារៈសិក្សាមួយចំនួន ដូចជាសៀវភៅ៥ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម និងថវិកាមួយចំនួនផងដែរ។

ក្រៅពីការចែកអំណោយនោះ ជា ចំណាន និងក្រុមគ្រួសារទាំងអស់ ក៏បានប្រារព្ធពិធី បុណ្យដាពិស្តារ និងនិមន្តព្រះសង្ឃរាប់បាត្រ ចំនួន៥៤អង្គ ដើម្បីឧទិ្ទសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខ័ន្ធ ឧបាសក ជា សុវណ្ណារ៉ា (ងី) ត្រូវជាបងប្រុសបង្កើត ដែលបានទទួលមរណៈកាល១៤ឆ្នាំ ។ លោក ជា សុវណ្ណារ៉ា (ងី) បានចូលបម្រើកងទ័ព ខែវិចិ្ឆកា ឆ្នាំ១៩៨៥ នៅវរៈសេនាធំ E.91 ( សមរភូមិខេត្តកោះកុង)។ អំឡុងឆ្នាំ១៩៩៨ (សម្ព័ន្ធយុវជន) បានបញ្ចូនទៅ សិក្សានៅប្រទេសវៀតណាម ជំនាញខាងគ្រឿងសព្វាវុធ ។
- ឆ្នាំ១៩៩៤ បានរៀបអាពាហ៍ពិពាហ៍ តែពុំមានបុត្រទេ ។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៣ បានទទួលមរណភាពនៅភូមិបទសន្ទ្រា ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង ដោយជំងឺគ្រុនចាញ់រ៉ាំរ៉ៃធ្ងន់ធ្ងរបន្តតាំងពីអំឡុងពាក់កណ្តាល ឆ្នាំ១៩៨៧ មកម្លេះ៕