(ភ្នំពេញ)៖ ជាមួយនឹងស្នាមញញឹមសប្បាយក្អះក្អាយ ប្រជាពលរដ្ឋភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះ សមិទ្ធផលដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជូនពួកគាត់ តាំងពីឆ្នាំ២០១១ កន្លងមក។
ការអបអរសាទរនេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសលោក ថោង ខុន រដ្ឋមន្ត្រីមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ រួមជាមួយលោកអភិបាលខេត្តកំពង់ធំ ស្នងការនគរបាលខេត្ត ព្រះតេជគុណ អនុគុណស្រុកនិងលោកអភិបាលស្រុកបារាយណ៍ ថ្នាក់ដឹកនាំក្រុមការងារ ខេត្ត ស្រុក អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
សមិទ្ធផលដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិនៅគោកត្របែកនោះ រួមមាន៖ ព្រះវិហារ មណ្ឌលសុខភាព សាលារៀន អណ្ដូងទឹក សាលាឆាន់ កាណូត ប្រឡាយទឹក ជួយកសាងផ្ទះជូនពលរដ្ឋក្រីក្រជាដើម។
ដោយឃើញជីវភាពប្រជាពលរដ្ឋនៅទីនោះកាន់តែមានការរីកចម្រើន លោក ថោង ខុន បានប្រកាសផ្ដល់ជូនប្រជាពលរដ្ឋភូមិគោកត្របែក នូវផ្លូវលំភ្លេចទឹកប្រវែង ១៣គីឡូម៉ែត្រ ជួសជុលទំនប់បឹងកក់ឲ្យបានខ្ពស់ជាងមុន ជីកប្រឡាយទឹក ឧបត្ថម្ភឧបករណ៍ភ្លេងឆៃយ៉ាំមួយវង់ ជួសជុលកាណូត ជួសជុលអណ្តូងទឹក។ លោកក៏បានណែនាំដល់គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ ឲ្យបង្កើនការងារផ្ដល់សេវាសុខាភិបាល និងបង្ហាត់បង្រៀនសិស្សឲ្យបានដិតដល់។
បន្ថែមលើសពីនេះ លោក ថោង ខុន ក៏បានប្រកាសពីសមាសភាពក្រុមការងារពិសេស មួយទៀតចុះពង្រឹងដោយឡែកភូមិគោកត្របែកផងដែរ សំដៅពង្រឹងការងារបក្ស ការងារគ្រប់គ្រងរដ្ឋបាលភូមិ និងការងារផ្ដល់សេវាសាធារណៈឲ្យបានឆាប់ល្អប្រសើរនៅនឹងកន្លែង ពីព្រោះភូមិនេះជាភូមិដាច់ស្រយាល។
ក្នុងពេលធ្វើដំណើរចុះទៅភូមិគោកត្របែកនោះ លោករដ្ឋមន្ត្រីក៏បានឆ្លៀតឈប់សំណេះសំណាលប្រជាពលរដ្ឋនៅតំបន់កោះរះប្រមាណ ៣០គ្រួសារផងដែរ ដោយបានសន្យាផ្ដល់ជូនសាលាឆទានមួយ និងអណ្ដូងស្នប់មួយជូនពួកគាត់ ព្រមទាំងបានផ្ដល់ជូនអំណោយមួយចំនួនផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព ថែរក្សាសមិទ្ធផលនានា ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូន។ ប្រជាពលរដ្ឋបានប្ដេជ្ញាគាំទ្រ និងរង់ចាំបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
សូមជម្រាបថា ភូមិគោកត្របែក ជាភូមិដាច់ស្រយាលតូចមួយស្ថិតនៅខាងកើតបឹងទន្លេសាប គៀកព្រំប្រទល់រវាងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ ផ្ទះប្រជាពលរដ្ឋភាគច្រើនសង់ខ្ពស់ផុតពីដីជៀសវាងទឹកលិចនៅខែវស្សា ហើយប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែ និងនេសាទត្រីជាដើម៕
ខាងលើរូបភាពប្រជាពលរដ្ឋនៅតំបន់កោះរះ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ខាងក្រោមនេះប្រជាពលរដ្ឋនៅភូមិគោកត្របែក ស្រុកបារាយណ៍ ខេត្តកំពង់ធំ