(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទាំងពិភពលោក បាននិងកំពុងតែមានបញ្ហាសុខភាព, បញ្ហាសុខភាពអាចបណ្ដាលមកពីការមិនបានទៅឆែក ឬពិនិត្យសុខភាពឲ្យបានទៀងទាត់ជាដើម ដែលកត្តាទាំងនេះហើយ ដែលធ្វើឲ្យមនុស្សមានអត្រាស្លាប់កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្ដែងបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដែលជាឃាតកមុខស្រស់ សម្លាប់មនុស្សរាល់ថ្ងៃ និងត្រូវបានគេឲ្យជាប់លំដាប់ថ្នាក់លេខ១នោះ ជំងឺមហារីកត្រូវបានជាប់លំដាប់ថ្នាក់លេខ២ ខណៈជំងឺបេះដូងត្រូវបានជាប់ចំណាត់ថ្នាក់លេខ៣ ដែលបានសម្លាប់មនុស្សច្រើនជាងគេផងដែរ។
ថ្លែងប្រាប់បណ្ដាញសារព័ត៌ នាឱកាសផ្សព្វផ្សាយពីជំងឺបេះដូង របស់មន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ ដែលបានរួមសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត និងក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លោកវេជ្ជបណ្ឌិត Chokchai ឯកទេសផ្នែកបេះដូងមកពីមន្ទីរពេទ្យ BANGKOK Hospital ឲ្យដឹងថា «ជំងឺបេះដូងត្រូវបានជាប់ចំណាត់ថ្នាក់លេខ៣ ដែលបណ្ដាលឲ្យមនុស្សមានជំងឺ និងស្លាប់ច្រើន បន្ទាប់ពីគ្រោះថ្នាក់ចរាចណ៍ និងជំងឺមហារីក»។
លោកវេជ្ជបណ្ឌិតបានបន្ដថា កត្តាដែលបណ្ដាលឲ្យមានជំងឺបេះដូងនេះ គឺការលើសទម្ងន់, ការលើសឈាម, សម្ពាធសរសៃឈាមក្នុងខួរក្បាល, អ្នកជក់បារី រួមទាំងអ្នកដែលមានកម្រិតខ្លាញក្នុងសរសៃឈាមខ្ពស់ទាំងនេះហើយដែលប្រឈមទៅនឹងបញ្ហាបណ្ដាលឲ្យមានបញ្ហាបេះដូង។
លោកវេជ្ជបណ្ដិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់រូប គម្បីទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ព្រោះថា ជំងឺបេះដូងនេះគ្មានរោគសញ្ញាមួយណាបញ្ជាក់នោះឡើយ មានន័យថាមិនមានរោគសញ្ញាដូចជំងឺផ្សេងៗទៀត ដែលចេញរោគសញ្ញាមុន។ ការពិនិត្យសុខភាពឲ្យបានទៀងទាត់នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។
លោកវេជ្ជបណ្ឌិតបាបញ្ជាក់ទៀតថា ប៉ុន្ដែជំងឺបេះដូងនេះអាចព្យាបាលបាន និងឆាប់រហ័សពីមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងករព្យាបាលដោយមិនចាំបាច់ធ្វើដំណើរ ទៅដល់ក្រៅប្រទេសនោះឡើយ។
លោក ណារិន ថារ៉ា ប្រធានមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញបានឲ្យដឹងដែរថា នៅក្នុងថ្ងៃនេះដែរមន្ទីរពេទ្យរ៉ូយ៉ាល រៀបចំកម្មវិធីនេះក្នុងគោលបំណង លើកយកបទដ្ឋានស្ដង់ដារក្នុងការព្យាបាល លំដាប់ថ្នាក់អន្ដរជាតិ រវាងការផ្ដល់សេវាកម្ម ក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា និងដើម្បឲ្យប្រជាពលរដ្ឋទូទៅមានចំណេះដឹងនៃជំងឺបេះដូងនេះ ការជ្រើសរើសយកគ្រូពេទ្យជំនាញ និងការថែទាំងសុខភាពបេះដូងជាដើម។
លោកបានបញ្ជាក់ទៀតថា មន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញបានសហការជាមួយមន្ទីពេទ្យ Bangkok Hospital ដើម្បីព្យាបាលអ្នកមានជំងឺបេះដូងក្នុងមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញនេះ ហើយក្នុងឆ្នាំនេះផងដែរមន្ទីរពេទ្យបានកំពុងសិក្សាលើបញ្ហាដាក់រ៉ូស័រ ក្នុងសសៃឈាមបេះដូង មន្ទីរពេទ្យក៏បានរៀបចំរួចរាល់ផងដែរ ក្នុងការពិនិត្យព្យាបាលជំងឺបេះដូងនេះ៕