(ភ្នំពេញ)៖ ប្រធានមន្ទីរក្រសួងសុខាភិបាលនៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ អាចមកទទួលសេវាចាក់ថ្នាំ បង្ការដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ សេវាពន្យារកំណើត ពិនិត្យពិគ្រោះជំងឺទូទៅ -ល- បានហើយ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ (តិចជាង៥គ.ម.)។
លោកបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះថា «យើងក៏មានការពិនិត្យ ជំងឺកាមរោគ របេង ពិនិត្យផ្ទៃពោះ សំរាលកូន សារអប់រំសុខភាព ការផ្តល់ប្រឹក្សាបន្សាបគ្រឿងញៀន និងវិធានការបង្ការជំងឺជាដើម»។
លោកបន្តថាទៀតថា បងប្អូនដែលចង់ស្វែងយល់ពីសារអប់រំសុខភាព សូមអញ្ជើញទៅទស្សនាស្ពតវីដេអូខ្លីៗ ស្តីពី «ការអប់រំសុខភាព» នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ស្ថិតនៅជិតផ្ទះ របស់លោក-លោកស្រី នៅទូទាំងរាជធានីភ្នំពេញ៕