(កំពត-ពោធិ៍សាត់)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ករណីឃាតកម្មកាប់សម្លាប់ម្ដាយបង្កើត នៅស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការស្រុកកំពង់ត្រាច សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អធិការស្រុកវាលវែង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកស្នងការ បញ្ជាក់ថា ជនដៃដល់ដែលកម្លាំងនគរបាលចាប់បានឈ្មោះ ណុំ សុខរឿន អាយុ២៧ឆ្នាំ នៅចំណុចភូមិទួលគ្រួស ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមជម្រាបថា ជននេះបានប្រព្រឹត្តបទឃាតកម្ម កាប់ចាក់សម្លាប់ម្តាយបង្កើតកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ចន្លោះពីម៉ោង៧យប់ ដល់ម៉ោង១១យប់ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយជនរងគ្រោះឈ្មោះ រៀម ហែ អាយុ៥០ឆ្នាំ។ បច្ចុប្បន្នជនដៃដល់ កម្លាំងសមត្ថកិច្ចកំពុងបញ្ជូនមកកំពតវិញ ដើម្បីចាត់ការបន្ដ៕