(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩៨នេះ បន្ទាប់ពីភ្លៀង១មេធំ ដែលធ្វើឲ្យលិចលង់ភូមិចំនួន៤ និងផ្លូវបេតុងជាច្រើនខ្សែ នៅក្រុងប៉ោយប៉ែតនោះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីជំនាញ ចៅសង្កាត់ប៉ោយប៉ែត មេភូមិ កម្លាំងអាវុធហត្ថ កម្លាំងប្រជាការភូមិជាច្រើននាក់ ធ្វើដំណើរថ្មើជើង ដើម្បីចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ដែលបង្កឲ្យលិចលង់ផ្ទះ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ផ្លូវបេតុង និងសាលារៀន។
លោកសាន ស៊ានហូ បានឲ្យដឹងថា ភូមិដែលបានលិចលង់នោះមាន ភូមិបាលិលយ្យ១, ភូមិបាលិលេយ្យ២, ភូមិក្បាលកោះ, ភូមិប៉ោយប៉ែត មូលហេតុដែលធ្វើឲ្យលិចលង់បែបនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានយល់ពីបញ្ហាទាំងអស់នេះទេ គាត់បានតសំយ៉ាប់ចូលចំណីផ្លូវ ចេះតែសាងសង់លើគម្រោបលូ ទើបបណ្តោយឲ្យស្ទះផ្លូវ និងបានបិតស្ទះប្រព័ន្ធលូ ហើយទើបជួបការលំបាកតែម្តង ។
លោកបន្តថា យើងមានវិធានការស្តារប្រព័ន្ធលូថ្មីឡើងវិញរួចហើយ ដោយយើងយកកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល និងកញ្ចប់ថវិកាសាលាក្រុងប៉ោយប៉ែត និងកំពុងបានរៀបចំឲ្យក្រុមហ៊ុនដាក់ដេញថ្លៃ។ ចាប់ពីខែក្រោយ គឺខែឧសភា ខាងមុខនេះ នឹងមានវិធានការចាប់ផ្តើមស្តារប្រព័ន្ធលូ និងកាត់សំយ៉ាបហើយ ។
លោកអភិបាលក្រុងប៉ោយប៉ែត បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយសំអាតអនាម័យបរិស្ថាន និងទិញធុងសំរាមសម្រាប់ដាក់សំរាប់ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងការបោះសំរាម ដែលធ្វើមានបញ្ហាស្ទះលូទៀត ហើយលោកក៏បានបញ្ជាក់ទៀតថា នៅពេលខាងមុខនេះ យើងមានវិធានការហើយ ចាប់ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជុំវិញក្រុងចំណុចពិសេសៗ នឹងមានការដាក់បំពាក់កាមារ៉ាសុវត្ថិភាព ដើម្បីចាប់អ្នកណា ដែលបានបោះសំរាមចោលពាសវាល ពាសកាល ហើយបន្ទាប់ពីចាប់បាន យើងនឹងធ្វើការផាកពិន័យជាថវិកាចំនួន៥ពាន់រៀល ហើយឲ្យគាត់ទៅស្តាប់ការណែនាំ នៅសាលាក្រុងប៉ោយប៉ែត កន្លះថ្ងៃចាប់ពីម៉ោងធ្វើការពីម៉ោយ៨ព្រឹក ដល់ម៉ោង១២រសៀល ទើបឲ្យពួកគាត់ ត្រឡប់គេហដ្ឋានវិញ ។
បន្ទាប់ពីចុះត្រួតពិនិត្យស្ថានភាពរួចហើយ លោក សាន ស៊ានហូ បានដឹកនាំក្រុមការងារ និងយកគ្រឿងចក្រទៅកាយដី ភក់ សំរាម មុខលូ បើកមុខទឹក ឲ្យទឹកហូរបានកាន់តែលឿង ដើម្បីធ្វើការបញ្ជៀសទឹកចេញពីក្រុងប៉ោយប៉ែតអោយបានឆាប់រហ័ស ហើយផ្លូវដែលបានកាយដីបើកមុខលូនោះ រួមមាន៖ ផ្លូវឯកឧត្តមសុខភាព ផ្លូវខាងជើងវិទ្យាល័យអូរជ្រៅ ផ្លូវអង់តែង០១៦ ផ្លូវស្តង់តាងួន ផ្លូវចូលអាគារថ្មី ៕