(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានសំណើរបស់សំណាក់ប្រជាពលរដ្ឋស្រុកកំពង់លែង សូមឲ្យថ្នាក់ដឹកនាំឲ្យជួយអន្តរាគមន៍ បញ្ចុះតម្លៃឆ្លងដរទទឹងកំពង់ឆ្នាំង-កំពង់លែង សម្រាប់រថយន្តគ្រួសារពីតម្លៃ៤០,០០០រៀល មក២០,០០០ម៉ឺនរៀល, លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានអះអាងថា ករណីនេះលោកកំពុងយកចិត្តទុកដាក់ ដើម្បីដោះស្រាយជូន។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ ខែមេសានេះ លោកអភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ពាក់ព័ន្ធបញ្ហាតម្លៃដរនេះ បន្ទាប់មានការស្នើសុំអាជ្ញាធរខេត្ត បានជំរុញឲ្យមន្ទីរពាក់ព័ន្ធបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន ដើម្បីរិះរកការពិភាក្សា ដើម្បីបញ្ចុះតម្លៃជូនប្រជាពលរដ្ឋតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែដោយសារមានអាចស្រុះស្រួលគ្នា ទើបសម្រេចជ្រើសរើសយកសប្តាហ៍ក្រោយ ដើម្បីប្រជុំសម្រេចចុងក្រោយ។
សូមជម្រាបជូនថា តម្លៃដរទទឹងកំពង់ឆ្នាំ-កំពង់លែង បានកំណត់តម្លៃចំពោះមនុស្សម្នាក់ត្រឹម១០០០រៀល ហើយម៉ូតូ២០០០រៀល តែប្លែកតែរថយន្តលក្ខណៈគ្រួសារមានតម្លៃដល់ទៅ៤០.០០០រៀល ហើយរថយន្តខ្លះទៀត ដែលមានទំហំធំតម្លៃកាន់តែថ្លៃ។ តម្លៃនេះ បានធ្វើឲ្យប្រជាជននៅស្រុកនោះ មិនសប្បាយចិត្ត និងបានស្នើឲ្យទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ជួយសម្រួលតម្លៃឡានដាក់សាឡាង ដរទទឹងកំពង់ឆ្នាំង-កំពង់លែង ពី៤ម៉ឺនរៀលមកត្រឹម ២០,០០០រៀលបានហើយ។
ដោយឡែកមន្ត្រីអាជ្ញាធរស្រុកកំពង់លែង និងមន្ត្រីជំនាញ ព្រមទាំងតំណាងក្រុមហ៊ុន ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មទូកដរទទឹងកំពង់លែង-កំពង់ឆ្នាំង បានជួបប្រជុំគ្នាជាបន្ទាន់មួយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅ បន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ទៅលើតម្លៃសាឡាងនោះ។
រដ្ឋបាលស្រុកកំពង់លែង ក៏បានចេញសេចក្តីបញ្ជាក់ព័ត៌មានមួយ ដោយបានឲ្យដឹងថា ការយកថ្លៃចម្លងរថយន្តពីដរទទឹងពីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង គឺមិនបានយកលើសពីតម្លៃ នៅក្នុងសៀវភៅបន្ទុកដែលរដ្ឋបានកំណត់នោះទេ។
សូមជម្រាបជូនផងដែរថា កាលពីមុនដរទទឹង ត្រូវបើកផ្លូវវាងតាមកោះមានចម្ងាយឆ្ងាយ និងត្រូវប្រើពេលយូរ ដែលគេយល់ថា អាចមកពីសាឡាងចំណាយប្រេងច្រើន តែដំណាក់កាលចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាធារណការ បានជីកព្រែក និងស្តារដីយកជម្រៅជ្រៅកាត់ទទឹងកោះចំនួនពីរ ដើម្បីឲ្យសាឡាងដឹកអ្នកដំណើរបានលឿនឆាប់រហ័ស និងងាយស្រួលទៀត ដោយគ្រាន់តែចំណាយពេលប្រមាណជាង១៥នាទីឆ្លងផុតហើយ តែតម្លៃឡានដាក់សាឡាងនៅតែថ្លៃដដែល៕