(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាម៉ោងជិត៣រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរវិលត្រឡប់ពីទីក្រុងសិង្ហបុរី មកដល់រាជធានីភ្នំពេញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ កាលពីថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៨ ដែលទទួលបានលទ្ធផលល្អត្រចះត្រចង់។
តាមរយៈ Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ប្រទេសទាំងអស់បានប្តេជ្ញាពង្រឹង និងជំរុញនូវសហប្រតិបត្តិពាណិជ្ជកម្ម វិនិយោគពង្រឹងនូវសន្តិសុខក្នុងតំបន់ ព្រមទាំងបង្កើតបណ្តាញទីក្រុងវៃឆ្លាត នៅក្នុងប្រទេសអាស៊ាន ដែលកម្ពុជាអាចចាប់ផ្តើមពីទីក្រុងភ្នំពេញ បាត់ដំបង និងសៀមរាប ស្របពេលនៃដំណើការសមាហរណកម្មអាស៊ាន។
ទន្ទឹមនឹងនេះដែរ កម្ពុជាក៏ត្រូវជំរុញការបណ្តុះបណ្តាលនូវធនធានមនុស្ស ឲ្យមានសម្ថភាពគ្រប់គ្រាន់កាន់តែច្រើន ដើម្បីទទួលការងារនៅក្នុងក្របខ័ណ្ឌ អាស៊ានដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើងទាំងមូល៕