(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា JICA បានចេញបកស្រាយពីនីតិវិធី នៃការដេញថ្លៃជ្រើសរើស ក្រុមហ៊ុនសាងសង់ ឬជួសជុលផ្លូវ ដែលជាការងាររបស់ JICA និងរដ្ឋាភិបាលជប៉ុន បានធ្វើនាពេលកន្លងមក។ ការចេញមកបកស្រាយនេះ បានធ្វើឡើងក្រោយពេលដែលមានការរិះគន់ថា ក្រុមហ៊ុនរបស់កូរ៉េ មួយមានឈ្មោះថា ហាន់ស៊ីន (HanShin) បានទទួលគម្រោងស្ថាបនាឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ក្នុងកញ្ចប់ទី៣ ដែលមានទឹកប្រាក់ជាង៨៥លានដុល្លារ។
នាពេលកន្លងទៅ ក្រុមហ៊ុនកូរ៉េ ហាន់ស៊ីន(HanShin) ដែលទទួលបានគម្រោងស្ថាបនា ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅទៅព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាលនោះ បានរងនូវការរិះគន់មួយចំនួន ពាក់ព័ន្ធធ្វើមិនរួចរាល់ផង ក៏ខូចគ្មានគុណភាព ដោយមានគង្ហុក សំបុកមាន់ បណ្តាលឲ្យប្រជាជនបើកម៉ូតូ បើរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
មន្រ្តីជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានបញ្ជាក់ថា រាល់ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ ឬជួសជុលផ្លូវ ដែលស្ថិតនៅក្រោមគម្រោង ជំនួយកម្ចីហិរញ្ញប្បទានអភិវឌ្ឍ ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានធ្វើឡើងក្នុងប្រទេសកម្ពុជា ដោយគណៈកម្មការត្រួតពិនិត្យលទ្ធកម្ម ក្រោមការដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការជ្រើសរើស និងវាយតម្លៃដោយផ្ទាល់លើការងារបច្ចេកទេស ចំណែករដ្ឋាភិបាលជប៉ុន និង JICA គឺជាអ្នកត្រួតពិនិត្យការងារវាយតម្លៃបន្ថែម ផ្អែកតាមនីតិវិធីដែលបានកំណត់នៅក្នុងសៀវភៅ ណែនាំអំពីការដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់របស់ JICA។
មន្រ្តីជាន់ខ្ពស់ JICA ដដែលបានបញ្ជាក់ទៀតថា និតិវិធីដេញថ្លៃគឺត្រូវធ្វើឡើងជាពីរដំណាក់កាល ទី១) ការវាយតម្លៃទៅលើការងារបច្ចេកទេស និងទី២) ការវាយតម្លៃទៅលើតម្លៃ ដែលក្រុមហ៊ុនសាងសង់បានស្នើ។
ក្រុមហ៊ុនសាងសង់ដែលជាប់ក្នុងដំណាក់កាលទី១ នឹងត្រូវបានអនុញ្ញាតឲ្យបើកកញ្ចប់តម្លៃដែលបានស្នើ។ មិនមែនមានន័យថា រាល់ក្រុមហ៊ុនសាងសង់ ដែលបានស្នើតម្លៃទាបនឹងត្រូវជ្រើសរើសនោះទេ ប្រសិនបើការងារបច្ចេកទេសដែលបានរៀបចំនិងស្នើឡើងដោយក្រុមហ៊ុន មិនបំពេញតាមតម្រូវការ និងលក្ខខណ្ឌដែលបានកំណត់នៅក្នុង កសារដេញថ្លៃ ក្រុមហ៊ុនទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យបើកកញ្ចប់តម្លៃទេ។
ពាក់ព័ន្ធនឹងការត្រួតពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ៥ កញ្ចប់ទីបីនេះ នឹងត្រូវបានត្រួតពិនិត្យគុណភាព និងស្តង់ដាបច្ចេកទេសដោយកុងសុលតង់របស់ក្រុមហ៊ជប៉ុន ផ្អែកតាមកិច្ចសន្យារវាងក្រុមហ៊ុនសាងសង់ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមអាណាព្យាបាលរបស់ក្រសួងសាធារណការ ដោយសហការជាមួយ JICA។
គួរបញ្ជាក់ថា ក្រុមហ៊ុនរបស់កូរ៉េ ឈ្មោះថា ហាន់ស៊ីន (HanShin) ដែលធ្លាប់រងនូវការរិះគន់ចំពោះការជួសជុលផ្លូវលេខ២១បេ នៅស្រុកស្អាង ខេត្តកណ្តាលនោះ ត្រូវបានគេទម្លាយថា នៅពេលនេះ បានទទួលគម្រោងស្ថាបនាឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ក្នុងកញ្ចប់ទី៣ ដែលមានទឹកប្រាក់ជាង៨៥លានដុល្លារ។ ការទទួលគម្រោងស្ថាបនាឡើងវិញ ចំពោះកំណាត់ផ្លូវជាតិលេខ៥ ខាងលើនេះ មានការព្រួយបារម្ភថា ខ្លាចស្ថានភាពផ្លូវមិនមានភាពរឹងមាំបានយូរ៕