(ភ្នំពេញ)៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួលលេខ E០២ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ក្នុងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប)។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះថា ជនសង្ស័យខាងលើ បានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
លោកបានបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួន ឈ្មោះ បៀវ ឈុនហេង អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ១៦១ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះ ឈ្មោះ CHAO ZHANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សម្ភារបាត់បង់រួមមាន កាបូបយួរដៃ ពណ៌ ប្រផេះ ០១, លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨, អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ, ប្រាក់ហុងកុង ចំនួន៣៦,០០០, ប្រាកចិនចំនួន ១០,០០០, ប្រាក់តៃវ៉ាន់ ចំនួន៤,០០០, កាតATM ចំនួន១៥, ប្រាក់ដុល្លារអាមេរិក មួយចំនួន និងទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ខ្មៅ មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕