Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថបញ្ជូនជនជាតិចិន៣នាក់ និងស្ត្រីខ្មែរម្នាក់ ទៅតុលាការ ពាក់ព័ន្ធរឿងជួញដូរមនុស្ស

28-04-2018 14:53

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនបុរសជនជាតិចិន០៣នាក់ និងស្ត្រីខ្មែរម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនទៅប្រទេសចិន ក្រោមរូបភាពសុំច្បាប់រៀបអាពាហ៍ពិពាហ៍។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ០៤នាក់នោះរួមមាន ទី១៖ ឈ្មោះ JI JIAXIN ភេទប្រុស ជនជាតិចិន (ជាប្តី) ទី២៖ ឈ្មោះ តែម អឿន ភេទស្រី ជនជាតិខ្មែរ (ជាប្រពន្ធ) ទី៣៖ ឈ្មោះ ZHANG LIANG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន (ជាអ្នកទិញនារីខ្មែរធ្វើប្រពន្ធ) និងទី៤៖ ឈ្មោះ YAN FAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន (ជាអ្នកទិញនារីខ្មែរធ្វើប្រពន្ធ)។

សូមបញ្ជាក់ថា ដោយមានកិច្ចសហការរវាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ និងអង្គការមេត្រីភាព អន្តរជាតិ ហៅកាត់ថា AIM SWAT បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ម្កុដមាស ក្បែរផ្សារទំនើបស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលពួកគេកំពុងពិភាក្សាគ្នា និងរៀបចំឯកសារចេញទៅប្រទេសចិន ក្រោមរូបភាពរៀបអាពិហ៍ពិពាហ៍។

ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យ សមត្ថកិច្ចបាន ជួយសង្គ្រោះបាន នារីខ្មែររងគ្រោះ ចំនួន០២នាក់ ដែលមានស្រុកកំណើត មកពីខេត្តតាកែវ។ បច្ចុប្បន្ន ក្រុមជនសង្ស័យកំពុងស្ថិតក្រោម ចំណាត់ការរបស់លោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាអ្នកប្រចាំការនៅចុងសប្តាហ៍នេះ៕