(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយស្រុកសង្គមថ្មី បានជំរុញឱ្យប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា នៅតាមភូមិ-ឃុំ នៅក្នុងស្រុក ត្រូវបង្កើនសកម្មភាពការងារគណបក្ស ឱ្យបានខ្លាំងក្លាដើម្បីដណ្តើមយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោក សំ លាងទ្រី បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារគណបក្ស ជាមួយប្រធានក្រុមការងារគណបក្សតាមភូមិ-ឃុំ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនៅក្នុងឱកាសនេះ គឺផ្តោតសំខាន់លើការត្រួតពិនិត្យបញ្ជីឈ្មោះសមាជិក សមាជិកាបក្ស សៀវភៅគ្រួសារបក្ស និងត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលសមាជិកបក្សយើង បានចុះឈ្មោះបោះឆ្នោត នៅក្នុងបញ្ជីឈ្មោះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាមួយគ្នានេះលោក បានបន្តថា កន្លងមក មានប្រធានក្រុមបក្សតាមភូមិ-ឃុំមួយចំនួន គឺគាត់មិនសូវមានសកម្មភាពការងារគណបក្សនោះទេ ហើយរបាយការណ៍ទៀតសោធន៍ ដែលផ្ញើទៅថ្នាក់លើគឺជារបាយការណ៍ដែលធ្វើតាមតែចិត្តនឹកឃើញ និយាយឱ្យចំ គឺមិនបានចុះអនុវត្តជាក់ស្តែង។ ដែលចំណូចនេះលោកក៏បានជំរុញឱ្យប្រធានក្រុមការងារគណបក្សតាមភូមិ-ឃុំ ត្រូវបង្កើនសកម្មភាពការងារគណបក្សឱ្យបានខ្លាំងក្លានិយាយរួម គឺត្រូវគិតគូរការងារគណបក្សឱ្យដូចការងារប្រចាំថ្ងៃរបស់យើង និងការងារគ្រួសារយើង មិនមែនស្រឡាញ់បក្សតែមាត់ដើម្បីការពារមុខតំណែង របស់ខ្លួនដោយខ្លួនមិនធ្វើអ្វីនោះទេ។
ទទឹមនឹងនេះផងដែរលោក សំ លាងទ្រី ក៏បានជំរុញឱ្យប្រធានក្រុមបក្សតាមភូមិ-ឃុំ ត្រូវបង្កើតប្រធានក្រុមបក្សដោយជ្រើសរើសសមាជិកបក្ស ដែលមានផ្ទះជិតគ្នាដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយប្រធានបក្សតាមភូមិ-ឃុំ ត្រូវគ្រប់គ្រងសមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់លាស់ ចៀសវាងកុំឱ្យមានតែតួលេខ តែមិនមានឈ្មោះបោះឆ្នោតឱ្យសោះ៕