(កណ្ដាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍អណ្ដែតស្ថិត ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានលើកឡើងថា សមិទ្ធផលនានាដែលមាន និងកំពុងទទួលផលនាពេលនេះបានកើតឡើង នៅក្នុងទឹកដីកម្ពុជាពិត បានមកដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាព និងការខិតខំរួមគ្នាបង្កើតឡើង តាមរយៈនៃនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។
បច្ចុប្បន្នកម្ពុជា មិនមានវិបត្តិនយោបាយដូចជនអគតិនិយាយនោះទេ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កំពុងដើរលើផ្លូវត្រូវ ស្របពេលប្រទេសមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ មានអ្នកវិនិយោគិនបរទេស មកបណ្ដាក់ទុកវិនិយោគ ជាបន្តបន្ទាប់លើគ្រប់វិស័យ និងមានកំណើនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាក្រកម្ពុជា ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។
បើតាមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោនយោបាយសេដ្ឋកិច្ច ហ៊ុនសែនណូមិក បានធ្វើឲ្យប្រទេសកម្ពុជា ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប ហើយកំពុងអភិវឌ្ឍឈានទៅជាប្រទេស មានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនោះនាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវការពារតម្លៃសុខសន្តិភាព ដែលមាននាបច្ចុប្បន្ននេះ ឲ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាព បដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងសង្គមជាតិ និងសូមអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជារៀងរហូតបន្តការអភិវឌ្ឍប្រទេសជាតិឲ្យឆាប់បានរីកចម្រើន។
បើតាមលោក បូ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា នៅទូទាំងស្រុកមានវត្តចំនួន៣១ អាស្រមចំនួន២ ព្រះសង្ឃ៤៣១អង្គ ក្នុងនោះ សមិទ្ធផលធំៗពាក់ព័ន្ធ និងវិស័យសាសនាដែល នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តួចផ្តើមកសាងដោយផ្ទាល់ មានព្រះវិហារចំនួន២ គឺព្រះវិហារវត្តត្រាញ់ ឃុំស្លែង និងព្រះវិហារវត្តអង្គភ្នំចចក ឃុំទ្រា ត្រូវបានកសាងរួចរាល់ជាស្ថាពរ រង់ចាំពិធីកាត់ឬសសីម៉ា នាពេលខាងមុខនេះ។
ក្រៅពីនេះនៅមានសមិទ្ធផលធំជាងគេមួយទៀត ដែលមិនធ្លាប់មាននៅស្រុកកណ្តាលស្ទឹង គឺនាយឧត្តមសេនីយ៍ បានកសាងវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពោធិអណ្តែតដើមឬស មានអគារ២ខ្នង ១ខ្នងមានកម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ និង១ខ្នងទៀតមានកម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ចំណាយថវិកាជិត២លានដុល្លារ។
ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនបច្ច័យកសាងវត្តពោធិអណ្តែត ចំនួន១០ម៉ឺនដុល្លារ, ប្រគេនបច្ច័យគ្រូសូត្រស្ដាំឆ្វេង ព្រមទាំងចែកជូនវត្ថុអនុស្សាវរីយ៍ ដល់លោកតា លោកយាយជី ក្រុមប្រឹក្សាឃុំ ស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕