(ពោធិ៍សាត់)៖ ភ្លៀងធ្លាក់មួយមេធំ លាយឡំខ្យល់បោកបក់ បង្កជារន្ទះបាញ់ចំផ្ទះប្រជាពលរដ្ឋមួយខ្នង កាលពីវេលាម៉ោង០៤ និង២០នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ស្ថិតក្នុង ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែសំណាងល្អដែរ ដែលមិនបណ្តាលឲ្យមាននរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។
ម្ចាស់ផ្ទះរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា ខៀវ សំអាន(ហៅ ឡឹង លីម) ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុខាងលើ។
បើតាមម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ គាប់កំពុងអង្គុយនៅក្រោមផ្ទះ ខណៈមេឃកំពុងធ្លាក់ភ្លៀង លាយឡំខ្យល់ជំនោរបោកបក់ផងនោះ មួយសន្ទុះក្រោយមក ស្រាប់តែមានពន្លឺចាំងចំកណ្តាលផ្ទះ ព្រមទាំងមានសំលេងផាំង ខ្ទរអស់ធម្មជាតិ ភ្លាមនោះរូបគាត់ក៏បានរត់ទៅមើល ឃើញបាញ់ចំសរសរកន្លោងពីខាងជើង សរសរចំហៀងខាងជើង និងដំបូលពីលើ បណ្តាលឲ្យបែកគ្បឿងអស់ចំនួន ៨០សន្លឹក ព្រមទាំងផ្ទូងផ្លានមួយចំនួន។ល។
ហេតុការណ៍នេះបានបង្កអោយការឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ រត់មកមើលហេតុការណ៍នោះផងដែរ។
គ្រោះថ្នាក់ធម្មជាតិនាថ្ងៃនេះ ពិតជាសំណាងហើយ ដែលគ្រាន់តែរងការខូចខាតផ្ទះ ហើយមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចៀសវាងករណីនេះកើតឡើងជាយថាហេតុ៕