(ពោធិ៍សាត់)៖ ក្រុមចោរស្ទើរភ្លើងចំនួន៣នាក់ បានឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ ដែលកំពុងនិយាយទូរស័ព្ទទៅរកមិត្ដភ័ក្តិ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពឆក់ពីក្រោយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ដែលស្ថិតនៅ ភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ហើយត្រូវបានសមត្ថកិច្ចក្រុង ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង ០៥និង ៤៥នាទីល្ងាច នៅចំណុចការ៉ាសសាំងសូគីម៉ិច ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ក្រុមចោរទាំង ៣ នាក់ មានឈ្មោះ ១-ឈ្មោះ ខ្លូត វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ២-ឈ្មោះ ផល សុធា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ និង៣-ឈ្មោះ អ៉ឹម សុខ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
លោកអធិការបន្តថា ក្រោយពីក្រុមចោរខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេចហើយ ហើយបានជិះ ម៉ូតូរត់ គេចខ្លួនបាត់ ភ្លាមនោះជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅអធិការក្រុងពោធិ៍សាត់។ នៅពេលបានទទួលពាក្យបណ្តឹង កម្លាំងរបស់លោកបាន ធ្វើការស្រាវជ្រាវ រហូតដល់ចាប់ខ្លួនបានទាំង៣នាក់តែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣ យើងបានដកហូតទូរស័ព្ទដៃ របស់ជនរងគ្រោះ យកទៅប្រគល់ទៅឱ្យម្ចាស់វិញហើយ។ ជនសង្ស័យទាំង៣នាក់ បានកសាងសំណុំរឿង ដើម្បីបញ្ជូន ទៅស្នងការដ្ឋានចាត់ការបន្ដទៅតាមផ្លូវច្បាប់៕