(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសជ្រើសរើសសមាសភាព គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៨,៣៣៨ រូប ជាមន្ដ្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារបោះឆ្នោត នៅតាមគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត។
តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា សមាសភាពគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ដែល គ.ជ.ប ជ្រើសរើស សម្រាប់មុខតំណែងដូចខាងក្រោម៖
១៖ ប្រធាន ទទួលបន្ទុកដឹកនាំការងាររួម និងការងារហិរញ្ញវត្ថុ ចំនួន១រូប
២៖ អនុប្រធាន ជួយធ្វើការប្រធាន និងទទួលបន្ទុកផ្នែកប្រតិបត្តិការ ចំនួន១រូប
៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល និងលេខាធិការ ចំនួន១រូប
៤៖ សមាជិកទទួលបន្ទុក ផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងការងារសន្ដិសុខបោះឆ្នោត ចំនួន១រូប ឫ៣រូប
៥៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងការងារសន្ដិសុខបោះឆ្នោត ចំនួន១រូប។
គ.ជ.ប បានបន្ថែមទៀតថា ពាក្យសុំប្រឡងចូលបម្រើការងារ និងមានចែកជូនដោយឥតគិតថ្លៃ នៅតាមលេខាធិដ្ឋាននៃគណៈកម្មការរាជធានី-ខេត្ដ រៀបចំការបោះឆ្នោត និងទីប្រមូលផ្ដុំ ក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត។ ការទទួលពាក្យសុំប្រឡង ចូលបម្រើការងារ នឹងធ្វើនៅតាមទីប្រមូលផ្ដុំ ក្រុង ស្រុក ខណ្ឌ ឫតាមទីកន្លែងដែលកំណត់ដោយ គធ.ខប។
* ការចាប់ផ្ដើមទទួលពាក្យនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ (វេលាម៉ោង ០៧៖០០ព្រឹក)។ * ការឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ (វេលាម៉ោង ១៧៖៣០ ល្ងាច)។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប៖