BREAKING NEWS (Update)៖ ស្គាល់អត្ដសញ្ញាណជនរងគ្រោះ ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ Lexus470 និងរថយន្ដដឹកសាំងក្រុមហ៊ុន PTT, អ្នកបើកបររថយន្ដ Lexus470 ជាមន្ដ្រីសាធារណការខេត្តកំពត
28-04-2018 14:18
(កោះកុង)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលអង្គភាព Fresh News ទទួលបាននៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះបានឲ្យដឹងថា សពជនរងគ្រោះ នៅក្នុងរថយន្ដ Lexus470 ដែលបុកជាមួយរថយន្ដដឹកសាំងក្រុមហ៊ុន PTT នៅស្រុកស្រែអំបិល ត្រូវបានស្គាល់អត្ដសញ្ញាណចំនួន៤នាក់។
របាយការណ៍បានបញ្ជាក់ថា ទី១៖ជនរងគ្រោះដែលជាអ្នកបើកបរ ឈ្មោះ ធេង ដាវុន ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត, ទី២៖ឈ្មោះ យ៉ា ភេទប្រុស, ទី៣៖ឈ្មោះ ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ, ទី៤៖ឈ្មោះ ឈឹម រដ្ឋា ភេទស្រី អាយុ២១ឆ្នាំ ដែលពួកគេរស់នៅខេត្តព្រះសីហនុ ដោយឡែកសពម្នាក់ទៀត មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។
សម្រាប់គ្រោះថ្នាក់ដ៏រន្ធត់នេះ កម្លាំងនគរបាលស្រុកកំពង់សីលា សហការជាមួយ កម្លាំងនគរបាលស្រុកស្រែអំបិល បានកាត់គ្រោងដែករបស់រថយន្ដ ដើម្បីយកសពជនរងគ្រោះចេញក្រៅ រកឃើញសពជនរងគ្រោះ៥នាក់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ ១៤១-១៤២ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង រវាងរថយន្ត Lexus-470 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តដឹកប្រេង របស់ក្រុមហ៊ុន PTT បណ្ដាលឲ្យផ្ទុះឆេះរថយន្តទាំងពីរគ្រឿង៕