(កណ្ដាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ៧,០០០នាក់មក ពីភូមិចំនួន២៦ ឃុំសំពៅពូន និងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដែលអញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុម គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺជាកត្តាកំណត់មិនអាចខ្វះបានក្នុងការទាក់ទាញវិនិយោគ បង្កើតការងារធ្វើទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល ដើម្បីកាត់បន្ថយភាពក្រីក្រ និងរួមចំណែកដល់ការកសាងប្រទេសជាតិមាតុភូមិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
ប្រធានគណៈពង្រឹងរូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាពេលឆាប់ៗខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបន្តបម្រើ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ ឲ្យកាន់តែមានការរីកចម្រើន។
ក្រោយពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋត្រូវបានបញ្ចប់ លោក ស៊ុន ចាន់ថុល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ ដែលអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ នៅវិទ្យាល័យ ហ៊ុន សែន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល៕