(សិង្ហបុរី)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅប្រទេសសិង្ហបុរី និងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរវិលត្រឡប់ពីទីក្រុងសិង្ហបុរី ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ទទួលបានលទ្ធផលល្អត្រចះត្រចង់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កិច្ចប្រជុំនោះ ប្រទេសទាំងអស់បានប្តេជ្ញា ពង្រឹងនិងជំរុញនូវសហប្រតិបត្តិពាណិជ្ជកម្ម វិនិយោគពង្រឹងនូវសន្តិសុខក្នុងតំបន់ ព្រមទាំងបង្កើតបណ្តាញទីក្រុងវៃឆ្លាតនៅក្នុងប្រទេសអាស៊ាន ដែលកម្ពុជាអាចចាប់ផ្តើមពីទីក្រុងភ្នំពេញ បាត់ដំបង និងសៀមរាប ស្របពេលនៃដំណើការសមាហរណកម្មអាស៊ាន»។
ជាមួយគ្នានេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា កម្ពុជាក៏ត្រូវជំរុញការបណ្តុះបណ្តាល នូវធនធានមនុស្សឲ្យមានសម្ថភាពគ្រប់គ្រាន់កាន់តែច្រើន ដើម្បីទទួលការងារនៅក្នុងក្របខ័ណ្ឌ អាស៊ានដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសជាតិទាំងមូល។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៧ ខែមេសា, សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរីរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៨។ សម្តេចនឹងទៅដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ៕