(សិង្ហបុរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅមុខនេះបន្តិចបានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា នៅពេលនេះ សម្តេចកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរវិលត្រឡប់ពីទីក្រុងសិង្ហបុរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ តាមជើងយន្តហោះពិសេស បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ កាលពីថ្ងៃទី២៧-២៨ ខែ មេសា ឆ្នាំ២០១៨ ដែលទទួលបានលទ្ធផលល្អត្រចះត្រចង់។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា «កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ប្រទេសទាំងអស់បានប្តេជ្ញា ពង្រឹងនិងជំរុញនូវសហប្រតិបត្តិពាណិជ្ជកម្ម វិនិយោគពង្រឹងនូវសន្តិសុខក្នុងតំបន់ ព្រមទាំងបង្កើតបណ្តាញទីក្រុងវៃឆ្លាតនៅក្នុងប្រទេសអាស៊ាន ដែលកម្ពុជាអាចចាប់ផ្តើមពីទីក្រុងភ្នំពេញ បាត់ដំបង និងសៀមរាប ស្របពេលនៃដំណើការសមាហរណកម្មអាស៊ាន។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏ត្រូវជំរុញការបណ្តុះបណ្តាលនូវធនធានមនុស្សឲ្យមានសម្ថភាពគ្រប់គ្រាន់កាន់តែច្រើន ដើម្បីទទួលការងារនៅក្នុងក្របខ័ណ្ឌ អាស៊ានដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើងទាំងមូល»។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា រយ:ពេលនៃការធ្វើដំណើរពីសិង្ហបុរីទៅកម្ពុជា អាចប្រើរយ:ពេល១ម៉ោង៥៥នាទី។ សម្តេចនឹងទៅដល់រាជធានីភ្នំពេញនៅរសៀលថ្ងៃនេះ៕