(កោះកុង)៖ គិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់នេះ កម្លាំងនគរបាលបានរកឃើញសាកសពជនរងគ្រោះចំនួន៥នាក់ ក្នុងរថយន្ដ Lexus470 ដែលបានបុកជាមួយរថយន្តដឹកសាំង ក្រុមហ៊ុន PTT នៅស្រុកស្រែអំបិល ខេត្តកោះកុង បន្ទាប់ពីកម្លាំងនគរបាល បានកាត់គ្រោងដែក របស់រថយន្ដដើម្បីយកសពចេញក្រៅ ហើយរកឃើញថា អ្នកបើករថយន្ដ Lexus រស់នៅខេត្តព្រះសីហនុ តែជាមន្ដ្រីរាជការ នៅខេត្តកំពត។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលបានបញ្ជាឲ្យកម្លាំងនគរបាលស្រុកកំពង់សីលា សហការជាមួយកម្លាំងនគរបាលស្រុកស្រែអំបិល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា បន្ទាប់ពីការកាត់គ្រោងដែករបស់រថយន្ដ ដើម្បីយកសពជនរងគ្រោះចេញក្រៅ រកឃើញសពជនរងគ្រោះ៥នាក់ ក្នុងនោះអាចមានស្ដ្រីផងដែរ ព្រោះឃើញមានកងដៃនៅលើសាកសព។
បើតាមលោកឧត្តមសេនីយ៍ស្នងការ សពក្នុងរថយន្ដ Lexus470 អាចជាគ្រួសារនឹងគ្នា ប៉ុន្ដែពេលនេះមិនទាន់បានស្គាល់អត្ដសញ្ញាណនៅឡើយទេ ដោយជំហ៊ានដំបូងគ្រាន់តែដឹងថា ជនរងគ្រោះជាអ្នកបើករថយន្ដរស់នៅ ខេត្តព្រះសីហនុ និងជាមន្ដ្រីរាជការនៅខេត្តកំពត។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ ១៤១-១៤២ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង រវាងរថយន្ត Lexus-470 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តដឹកប្រេង របស់ក្រុមហ៊ុន PTT បណ្ដាលឲ្យផ្ទុះឆេះរថយន្តទាំងពីរគ្រឿង៕