Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចបញ្ជូនខ្លួនចោរឆក់កាបូបម្នាក់ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់, នៅសល់បក្ខពួក៣នាក់ទៀតកំពុងគេចខ្លួន

28-04-2018 11:50

(ភ្នំពេញ)៖ នគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ជនសង្ស័យម្នាក់ ជាចោរឆក់កាបូប ទៅតុលាការក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យមានឈ្មោះ បៀវ ឈុនហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរចោរ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ១១៦ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យស្នាក់នៅខាងលើ។

សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ តាមពាក្យបណ្តឹងរបស់រងគ្រោះឈ្មោះ CHAO ZHANG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន ដែលត្រូវក្រុមជនសង្ស័យ មានគ្នា៤នាក់ ឆក់កាបូបយួរដៃបាត់បង់សម្ភារសំខាន់ៗ លុយមួយចំនួនធំ និងទូរស័ព្ទដៃ iPhoneX ១គ្រឿង នៅចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។

តាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា មន្ត្រីជំនាញបាន សន្និដ្ឋានចោទប្រកាន់លើជនសង្ស័យឈ្មោះ បៀវ ឈុនហេង ពីបទ លួចមានស្ថានទម្ងន់ទោស ដោយមានបក្ខពួកចំនួន៣នាក់ ទី១ឈ្មោះ តឺយ ពៅ ហៅ ពៅ, ទី២ឈ្មោះ យឹម ភារុណ ហៅ រុណ និងទី៣ឈ្មោះ មន្ត កំពុងរត់គេចខ្លួន៕