(រតនគិរី)៖ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បាននាំយកអំណោយមនុស្សធម៌ មូលនិធិសង្គមអគ្គិសនីកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ចំនួន២២គ្រួសារ នៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោក លោកស្រីសមាជិក សមាជិកា លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោក លោកស្រីប្រធាន និងសមាជិកគណៈកម្មាធិការសាខាអនុសាខា យុវជន អ្នកស្ម័គ្រចិត្តជាច្រើនរូបទៀតផងដែរ។
លោក ថង សាវុន បានថ្លែងនូវការ ចូលរូមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូន ដែលបណ្តាលពីខ្យល់កន្ត្រាក់ ជាពិសេសបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណរគុណដល់អគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភសម្ភារ និងថវិកាជាអំណោយមនុស្សធម៌ ចែកជូនដល់ជនរងគ្រោះ នាឱកាសនោះ។
អំណោយមនុស្សធម៌ ក្នុង១គ្រួសារមាន៖ អង្ករ ៥០គីឡូក្រាម, តង់១, មុង១, ភួយ១, សារុង១, ក្រមា១, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកាសរុប២លាន៨ម៉ឺនរៀល និងសាខាកាកបាទក្រហមខេត្ត ក៏ប្រគេនបច្ច័យចំនួន២០ម៉ឺនរៀល សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃគង់នៅវត្តសង្គមផងដែរ៕