(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ បានប្រជុំដើម្បីពន្យល់ និងពិភាក្សាអំពីការងារចូលរួម ធ្វើជាអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងលោក លី ឆេង ប្រធានគណៈប្រតិបត្តិសមាគម ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់ មកពីគ្រឹះស្ថានសិក្សានានាជាសមាជិក។
លោក លី ឆេង ប្រធានគណៈប្រតិបត្តិសមាគម បានថ្លែងនូវការស្វាគមន៍ជូនដល់អង្គពិធីទាំងមូល និងប្រាប់អំពីគោលបំណង របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
លោកក៏បានបញ្ជាក់អំពីកិច្ចការមួយចំនួន ដែលសមាគមបាននិងកំពុងធ្វើដូចជាការរៀបចំរចនាសម្ព័ន្ធ ក្រុមអ្នកសង្កេតការណ៍គ្រប់ថ្នាក់តាំងពីរាជធានី-ខេត្ត ដល់ឃុំ សង្កាត់ និងបានរៀបចំថវិកាបដា និងឯកសណ្ឋានសម្រាប់សម្គាល់អ្នកសង្កេតការណ៍របស់ស្វាគមន៍ផងដែរ។
បន្ទាប់មកលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានពន្យល់អំពីផែនការសកម្មភាពការងារ សង្កេតការបោះឆ្នោតសកលអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទាំង១១ចំណុចជូនដល់សមាជិកសមាជិកា គណៈសម្ពាធការថ្នាក់ខេត្ត ក្រុង និងគណៈកម្មការថ្នាក់ស្រុក ខណ្ឌរបស់សមាគមដើម្បីពិភាក្សាផ្ដល់មតិ។
អំណាចគ្រប់គ្រងរបស់គណៈសង្កេតការណ៍ថ្នាក់ខេត្ត-ក្រុង ទាំង២៥៖
ទី១៖ ម្ចាស់គ្រឹះស្ថានជាអ្នកចាត់តាំង និងទទួលខុសត្រូវចំពោះគណៈសង្កេតការណ៍ខេត្ត-ក្រុង, ខណ្ឌ-ស្រុក និងឃុំ-សង្កាត់
ទី២៖ គណៈសង្កេតការណ៏ខេត្ត/ក្រុង ជាអ្នកទទួលខុសត្រូវចំពោះការងារសង្កាតការណ៏ក្នុងខេត្ត ក្រុងរបស់ខ្លួន
ទី៣៖ ពិនិត្យមើលក្នុងភូមិសាស្រ្តក្នុងខេត្ត ក្រុងរបស់ខ្លួន អញ្ជើញសមាជិកផ្សេងចូលរួមទទួលខុសត្រូវបន្តនូវថ្នាក់ខណ្ឌ ឬស្រុក ឬឃុំ សង្កាត់ ធ្វើយ៉ាងណាឲ្យមានសមាជិករបស់ខ្លួនជាលក្ខណៈចម្រុះពណ៌
ទី៤៖ សង្កេតការណ៍ចល័ត ឬអចល័តក្នុង សង្កាត់ ឃុំ
ទី៥៖ បញ្ជូនបញ្ជីឈ្មោះមកសហគមន៍ មិនឲ្យលើសពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨
ទី៦៖ ខេត្ត ក្រុង ជាអ្នករៀបចំថវិកាក្នុងបញ្ជីឈ្មោះ (ចំណូចទី៤ខាងលើ)៕