(កោះកុង)៖ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ បានប្រាប់ភ្នាក់ងារ Fresh News ថា កម្មករ-កម្មការិនីរោងចក្រ ទូទាំងខេត្តកោះកុង កើនឡើងក្នុងឆ្នាំ២០១៨ ជាងឆ្មាំ២០១៧។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ កម្មការិនីបម្រើក្នុងរោងចក្រមានសរុបចំនួន១១,៩៧០នាក់ ក្នុងនោះស្រីមានចំនួន៧,៦៥៧នាក់ ហើយនៅឆ្នាំ២០១៨ កម្មការិនីមានចំនួន១២,៧២៨នាក់ ស្រី៧,៨២៥នាក់។
លោកបានបញ្ជាក់បន្ថែមថា ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកោះកុង មានជីវភាពធូរធាជាងឆ្នាំមុនៗច្រើន ដោយក្នុងគ្រួសារខ្លះ មានកូនប្រុសស្រីចូលធ្វើការ ជាកម្មការិនីរោងចក្រ២ ឬ៣នាក់ ហើយគ្រួសារខ្លះ មានរហូតទៅ៤នាក់ ត្រង់ចំណុចនេះ ហើយលោកចង់បញ្ជាក់ថា ជីវភាពក្នុងគ្រួសារ ប្រជាពលរដ្ឋសម្រាប់ខេត្តកោះកុងមានភាពធូរធាច្រើន។
លោកបានបញ្ជាក់ថា «ចំពោះកម្មករ-កម្មការិនីទាំងអស់ មានការយកចិត្តទុកដាក់ខ្លាំងពីថ្នាក់ដឹកនាំខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលខិតខំស្វែងរកការអភិវឌ្ឍន៍ គ្រប់សក្តានុពលគ្រប់វិស័យ និងរកសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ»។
លោកបានបញ្ជាក់ទៀតថា ចំពោះកម្មការិនីខេត្តកោះកុង ក្នុងសេវាដឹកជញ្ជូនដល់ផ្ទះ មិនឲ្យគាត់ពិបាកអ្វីបន្តិចឡើយ តែតាមការសង្កេតរបស់យើង ទាំងអស់គ្នាតាំងពីរាជរដ្ឋាភិបាលទិញ ស្ពានពីក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ដាក់ឲ្យឆ្លងកាត់ មិនតម្រូវឲ្យបង់ថវិកា ឃើញថា សេវាធ្វើដំណើរដោយប្រើប្រាស់ម៉ូតូខ្លួនឯង មានចំនួនច្រើនជាងរាល់ឆ្នាំ៕