(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមការងារកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក កង ប៊ន នាយកប្រតិបត្តិសាខាកាកបាទក្រហម និងលោក ស៊ុត ម៉ិ ហិរញ្ញឹកគណៈកម្មាធិការសាខា បានដឹកនាំមន្ត្រីកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូន កុមារា កុមារី និងក្រុមគ្រួសាររបស់ពួកគេ ដែលទទួលរងគ្រោះដោយសារគ្រាប់មីន ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរ។
ក្រុមកុមារ ដែលរងគ្រោះដោយសារផ្ទុះក្បាលគ្រាប់មីនចំនួន៣គ្រួសារ រួមមានទី១៖ កុមារា ស៊ី វ៉ាន អាយុ១២ឆ្នាំ ទី២៖ កុមារា សំ ខាប់ អាយុ៦ឆ្នាំ និង៣៖ កុមារី ភក្ភ្រ័ ស្រីពេជ្រ អាយុ៤ឆ្នាំ បួសធ្ងន់កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យ Emergency ក្រុងបាត់ដំបង ដែលទទួលរងគ្រោះកាល ពីវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុះភូមិអូជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក កង ប៊ន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាមផ្តាំផ្ញើចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងបណ្តាលឱ្យមានកុមាររងរបួស និងស្លាប់ដោយសារគ្រាប់មីនមិនទាន់ផ្ទុះនេះ។
ជាមួយគ្នានេះ ក្រុមការងារសូមអំពាវនាវ ដល់ប្រជាជនទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ចំពោះគ្រាប់មិនទាន់ផ្ទុះគ្រាប់មីន ជាពិសេស អាណាព្យាបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់លើកុមារតូចៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ។ ទន្ទឹមនេះ សូមផ្តាំផ្ញើដល់អាណាព្យាបាលរបស់កុមាររងគ្រោះត្រូវថែទាំកូន-ក្មួយ ឱ្យបានល្អអនុវត្តតាមការណែនាំ របស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។
ក្រុមគ្រួសាររបស់កុមារទាំង៣នាក់ ដែលមកទទួលអំណោយនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លាជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។
សូមបញ្ចាក់ថា ហេតុការនេះបានបណ្តាលឱ្យកុមាតូចៗ ចំនួន៤នាក់ ទទួលរងគ្រោះក្នុងនោះស្លាប់១នាក់ និងរបួសធ្ងន់៣នាក់ មូលហេតុគឺបណ្តាលមកពីកុមារ ដែលស្លាប់នោះបានយកគ្រាប់មិនទាន់ផ្ទះនោះដំលេងនៅផ្ទះកុមារា ស៊ី វ៉ាន អាយុ១២ឆ្នាំ បណ្តាលឱ្យផ្ទុះខណៈឪពុកម្តាយទៅចំការអស់។
អំណោយមនុស្សធម៌ដែលត្រូវបានក្នុងនោះមួយគ្រួសារទទួលបាន៖ ទឹកសុទ្ធវីឃែរ២កែស, មី១កេស, មុង១, ភួយ១, ក្រមា១, សារុង១, ព្រមទាំងថវិកាចំនួន១០០,០០០រៀល ផងដែរ៕