(កណ្តាល)៖ បុរសជនជាតិវៀតណាមម្នាក់ បានស្លាប់ជាប់នៅក្នុងកាប៊ីនរថយន្ត និងអ្នកទទួលភ្ញៀវខាងមុខរោងការម្នាក់ រងរបួសធ្ងន់ ដោយរថយន្តបើកដោយជនជាតិវៀតណាម បើករេចង្កូតទៅបុករថយន្តធុនធំ រួចបន្តបុកចូលរោងការ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកវីស្តូ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AE-8952 បើកបរដោយឈ្មោះ លឿង ថៃឡឺយ អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅឃុំខាន់អាង ស្រុកអាន់ភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។ ចំណែករថយន្តមួយគ្រឿងដែលត្រូវរថយន្តបង្កបុកនោះ ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-5568 បើកបរដោយឈ្មោះ ណុល ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត និងអ្នករួមដំណើជាមួយម្នាក់ឈ្មោះគា ឆាង ភេទប្រុស អាយុ១៩ឆ្នាំ ជាព្រូរថយន្ត មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល និងជនរងគ្រោះអ្នកឈរទទួលភ្ញៀវខាងមុខរោង អាពាហ៍ពិពាហ៍នោះឈ្មោះ ម៉ាន់ ម៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ មានមុខរបរជាកសិករ មានទីលំនៅភូមិឬស្សីដាច់ ឃព្រែកអំបិលុំ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន់។
នគរបាលបានបន្តថា មុនពេលកើតហេតុ ជនជាតិវៀតណាមនោះ បានបើករថយន្តម្នាក់ឯង ក្នុងទិសដៅពីជ្រៃធំ ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករថយន្តធំខាងលើ កំពុងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ដោយគៀបជាប់នៅក្នុងកាប៊ីន ចំណែករថយន្តធំនោះ មិនអស់ល្បឿនបានជ្រុលទៅបុកចូលរោងការ ដោយប្រជាពលរដ្ឋទម្លាប់សង់រោងការលើផ្លូវជាតិ ប៉ុន្តែសំណាងល្អរថយន្តអស់ល្បឿនត្រឹមខាងមុខរោងការ បង្កឲ្យបុរសម្នាក់រងរបួសធ្ងន់។
ក្រោយកើតហេតុ នគរបាលចុះទៅដល់ជួយ អន្តរាគមន៍សាកសពត្រូវប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិ រីឯអ្នករងរបួសត្រូវក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តធំឃាត់ខ្លួន ចាត់ការទៅតាមផ្លូវច្បាប់ រួមនិងវត្ថុតាងផងដែរ។
ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តតូច បើកចូលស្ដាំរបស់រថយន្តធំ ដោយធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តធំ បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង៕