(ស្វាយរៀង)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាល និងផុ្តល់បណ្ណសម្គាល់យានយន្តសម្រាប់ចេញ-ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស ជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តំបន់សានតុង សាន់សេល, នាគរាជ, មេនហាធេន, ធីលូ ចំនួន៣៤០នាក់ នៅក្នុងខេត្តស្វាយរៀង។
ពិធីនេះ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីភាព លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យនៃ ប.ស.ស ហើយកម្មវិធីនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ខេត្តស្វាយរៀង។
លោក ជាវ ប៊ុនរិទ្ធ បានថ្លែងថា ពិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែកបណ្ណសម្គាល់យានយន្តសម្រាប់ចេញ-ចូលបរិវេណតំបន់សេដ្ឋកិច្ច ដើម្បីបង្កើតភាព ងាយស្រួលក្នុងការចេញ-ចូលរថយន្តដឹកកម្មករ និងជាពិសេស ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ដល់អ្នកបើកបររថយន្តដឹកកម្មករ ដើម្បីឱ្យគាត់មានសិទ្ធិទៅប្រើសេវាពិនិត្យ និងព្យាបាលជំងឺពីមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេសដោយមិនគិតថ្លៃ។
លោកបានបញ្ជាក់ទៀតថា នៅពេលបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ ជាបន្ទុកដ៏ធំដល់រាជរដ្ឋាភិបាល ដែលបានបង្កឱ្យបាត់បង់ជីវិត របួស ពិការភាព ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន ជាពិសេសកម្មករ កម្មការិនី នៅពេលកំពុងធ្វើដំណើរទៅ និងត្រឡប់មកពីបំពេញការងារ ដោយមធ្យោបាយនានា។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីចូលរួមចំណែកជួយសម្រាលបន្ទុកនេះ ប.សស បានធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់កម្មករនិយោជិក និងអ្នកបើកបររួមមាន៖
ទី១៖ បណ្តុះបណ្តាលគ្រូបង្គោល ១០លើក ស្មើនឹង ៧៣១នាក់
ទី២៖ បណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋម ០៣លើក ស្មើនឹង ១៣២នាក់
ទី៣៖ ប្រជុំផ្សព្វផ្សាយអប់រំ ១ ០៩០លើក ស្មើនឹង ១៨៣ ៦៩១ នាក់
ទី៤៖ បណ្ដុះបណ្ដាល និងបំប៉ន សម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរ ១៥០លើក ស្មើនឹង ៩ ១៨៤នាក់
ទី៥៖ ប្រឡងយកបណ្ណបើកបរ ៤០លើក ស្មើនឹង ៣ ១២៣នាក់ ជាប់ជាស្ថាពរចំនួន ២ ០៦០នាក់
ទី៦៖ ចែកបណ្ណបើកបរ ដល់អ្នកបើកបររថយន្តដឹកកម្មករ ២៣លើក ស្មើនឹង ២ ០៦០នាក់
ទី៧៖ បំពាក់បដាពាក្យស្លោកនៅតាមរោងចក្រ ១៤០រោងចក្រ ស្មើនឹង ១៤៦បដា
ទី៨៖ ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ២ ៥៤៧បណ្ណ និងបណ្ណសម្គាល់យានយន្តសម្រាប់ចេញ-ចូល ១ ៨៩៥បណ្ណ។
លោក ជាវ ប៊ុនរិទ្ធ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះម្ចាស់តំបន់សេដ្ឋកិច្ច តាយ សេង ក៏ដូចជាថៅកែរោងចក្រ A and J (Cambodia) Co., Ltd ដែលបានចូលរួមសហការជាមួយ ប.ស.ស កាលពីពេលកន្លងទៅ ក្នុងការផ្តល់ទីតាំងប្រារព្ធពិធី អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតជាដើម៕