(កោះកុង)៖ សមត្ថកិច្ចស្រុកស្រែកអំបិល ខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងគាស់យកសពជនរងគ្រោះពី៥ទៅ៦នាក់ ដែលស្លាប់នៅក្នុងរថយន្ត Lexus-470 បន្ទាប់ពីបានបុកជាមួយរថយន្តដឹកសាំងក្រុមហ៊ុន PTT។
សមត្ថកិច្ចបានបញ្ជាក់ថា «នៅពេលនេះ កម្លាំងរបស់យើង សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ កំពុងកាត់ និងគាស់យកសពជនរងគ្រោះប្រហែល៥-៦នាក់ ដែលបានស្លាប់នៅក្នុងរថយន្ត»។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ ១៤១-១៤២ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង រវាងរថយន្ត Lexus-470 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តដឹកប្រេង របស់ក្រុមហ៊ុន PTT បណ្ដាលឲ្យផ្ទុះឆេះរថយន្តទាំងពីរគ្រឿង៕