(ភ្នំពេញ)៖ រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៃការដាក់ឱ្យដំណើរសេវាដឹកជញ្ជូនប្រជាពលរដ្ឋ តាមនាវាសាធារណៈ ទទួលអ្នកដំណើរចំនួន៧,៨៧៨នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា នាវាដឹកអ្នកដំណើរសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញប្រកាសដាក់ឲ្យដំណើការបណ្តោះអាសន្ន កាណូតដឹកអ្នកដំណើរពី ខណ្ឌព្រែកព្នៅ-រាជធានីភ្នំពេញ-ក្រុងតាខ្មៅ ។
ក្នុងឱកាសដាក់ឲ្យដំណើរការ កាណូតដឹកអ្នកដំណើរព្រែកព្នៅ ទៅតាខ្មៅនេះ ក្រសួងអនុញ្ញាតឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃ០៦ ខែមេសា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨។
នាវាដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ មាន៤នាវា និងកំពង់ផែ៦ទីតាំង ។
ទីតាំងសម្រាប់ចំណតនាវាអ្នកដំណើររវាងរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតនៅក្នុងដំណើរការសាងសង់ រួមមាន៖ ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ, ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ, ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី, ទីតាំងទី៤៖ កំពង់ផែ ណាហ្គា នៅក្បែរកោះពេជ្រ, ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ និងទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ៕