(ឧត្តរមានជ័យ)៖ ដោយសារតែសម្រុក ដើរអញ្ជើញភ្ញៀវចូលរួមមង្គលការខ្លួនរយៈពេលប៉ុន្មានថ្ងៃមកនេះ អស់កម្លាំងខ្លាំងផងនោះ យុវជនម្នាក់ដែលរស់នៅខេត្តឧត្តរមានជ័យ បានស្លាប់បាត់បង់ជីវិតចោលគូរដណ្តឹងរបស់ខ្លួន មុនថ្ងៃរៀបការ ដោយសារគាំងបេះដូង។ ហេតុការណ៍ដ៏គួរឲ្យសង្វែកនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ។
លោក ហម ភិរម្យ អធិការនគរបាលស្រុក បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ថាមានមនុស្សដេកស្លាប់ នៅនឹងផ្ទះរបស់ខ្លួននោះ លោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយ ប្រធានមណ្ឌលសុខភាពអំពិល បានចុះត្រួតពិនិត្យសាកសពភ្លាមៗដល់កន្លែងកើតហេតុតែម្តង។
លោកអធិការបានបន្តទៀតថា សាកសពបុរសនោះមានឈ្មោះ ធួន ចាន់នី អាយុ១៩ឆ្នាំ រស់នៅភូមិចារ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយឆ្លងកាត់តាមការពិនិត្យរបស់កម្លាំងជំនាញ និងក្រុមគ្រូពេទ្យបានឲ្យដឹងថា នៅតាមដងខ្លួនរបស់សាកសព យើងពុំឃើញមានស្លាកស្នាមអ្វីទេ ហើយជនរងគ្រោះ ពិតជាបានស្លាប់ដោយគាំងបេះដូងពិតប្រាកដមែន នៅវេលាម៉ោង០៣៖១០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨ ហើយមូលហេតុនៃការស្លាប់ គឺដោយសារជនរងគ្រោះជាមួយនឹងគូដណ្តឹង បាននាំគ្នាដើរចែកធៀបការយប់មិនបានត្រឡប់ទៅផ្ទះវិញឡើយ ហើយនៅថ្ងៃបន្ទាប់ដោយសារអស់កម្លាំង និងអត់ងងុយដេកផងនោះ ក៏បណ្តាលឲ្យជនរងគ្រោះដេកគាំងបេះដូងស្លាប់ នៅផ្ទះគូដណ្តឹងតែម្តង។
បន្ទាប់ពីសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យរួចហើយ សមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕