(ភ្នំពេញ)៖ លោក សាម អ៊ីន អគ្គលេខាធិការ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រលប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះថា លោកស្វាគមន៍ចំពោះ ការបង្កើតគណបក្សរបស់កូន លោក អេង ឆៃអ៊ាង ប៉ុន្តែទោះជាយ៉ាងនេះក្តីលោកប្រកាសជំហរថា លោកចូលរួមជាមួយ គណបក្សនេះឡើយ។
ការអះអាងរបស់ លោក សាម អ៊ីន បែបនេះ បានធ្វើឡើងបន្ទាប់ពី លោក អេង រតនៈ កូនប្រុសរបស់ លោក អេង ឆៃអ៊ាង ដែលប្រកាសបង្កើតគណបក្សនេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ បង្ហាញបំណងចង់ទៅបញ្ចុះបញ្ចូល លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឱ្យចូលរួមជាមួយគណបក្សខ្លួន។ លោក អេង រតនៈ លើកឡើងថា៖ «ខ្ញុំនឹងជួបលោក សាម អ៊ីន ដើម្បីបង្កើតសម្ព័ន្ធធំមួយរួចបញ្ចុះបញ្ចូលគាត់ ឲ្យមកឈរនៅខាងគណបក្សរបស់ខ្ញុំវិញ តែឈ្មោះបក្សគាត់អាចនៅរក្សាដដែល បានហើយបេក្ខជននៅមណ្ឌលផ្សេងក៏នៅតែអាចដាក់បានដដែល សម្រាប់បក្សរបស់គាត់»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក សាម អ៊ីន បានអះអាងថា សម្រាប់លោកការបង្កើតគណបក្សនយោបាយថ្មី ដោយកូនខ្មែរ គឺជារឿងល្អ ហើយមិនត្រូវរិះគន់ លាបពណ៌ទេ។ លោកបានបញ្ជាក់ថា «នៅពេលដែលពលរដ្ឋចូលរួមបង្កើតគណបក្សនយោបាយ មិនមែនជារឿងអាក្រក់ទេ ហើយយើងគួរតែអបអរសាទរ តែប្រជាពលរដ្ឋគួរតែស្វែងយល់នូវអំពីគុណតម្លៃច្បាស់លាស់ ដើម្បីឱ្យពួកគាត់គាំទ្របានទៅដឹកនាំប្រទេសបើសិនជាយើងនាំគ្នាជេរលាបពណ៌ អញ្ចឹងយុវជនខ្មែរមិនភ័យខ្លាចរឿងធ្វើនយោបាយទៅហើយ»។
សម្រាប់លោក សាម អ៊ីន មិនថាគណបក្សណាទេ ឱ្យតែបង្កើតឡើងដោយខ្មែរ ដើម្បីប្រកួតប្រជែងនយោបាយ លោកសូមស្វាគមន៍តែម្តង ក្នុងនោះលោក ក៏ស្វាគមន៍ចំពោះការបង្កើតគណបក្សឆន្ទៈខ្មែរផងដែរ។
គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងនាថ្មីៗនេះ ដោយកូនប្រុសរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី គឺលោក គង់ មុនីកា។ លោក គង់ មុនីកា ស្ថាបនិក និងជាប្រធានគណបក្សនេះ បានឱ្យដឹងថា គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងដោយស្ថានិក៧រូប ប៉ុន្តែស្ថានិបទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយទេ។
លោកមានបំណងចង់ឱ្យ គណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយរបស់ព្រលឹង អតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់ រកកន្លែងចាប់កំណើតមិនទាន់ឃើញ៕