(ភ្នំពេញ)៖ នៅសាលាខណ្ឌឬស្សីកែវ នាល្ងាចថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ មានការបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ ដើម្បីអនុម័ត្រសេចក្ដីព្រៀងរបាយការណ៍រកគន្លិះដោះស្រាយសំខាន់ៗលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឃន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោមអធិប្បតេយភាពលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ លោក លីន ញ៉ក់ និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ រួមនិងវត្តមានលោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ ប្រធាន-អនុប្រធានតាមបណ្ដាការិយាល័យជុំនាញជុំវិញខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌ យូទ្ធភូមិភាគពិសេសខណ្ឌ និងលោក-លោកស្រីចៅសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងកិច្ចប្រជុំខាងលើនេះ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ បានអនុញាតឲ្យសមាជិកក្រុមប្រឹក្សាខណ្ឌ ទាំងអស់លើកឡើងម្នាក់ម្ដងៗ ពីបញ្ហាដែលកំពុងប្រឈមនានា នៅតាមមូលដ្ឋានភូមិ សង្កាត់និមួយៗ និងត្រូវចូលរួមរកដំណោះស្រាយឲ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ សមាជិកក្រុមប្រឹក្សាខណ្ឌ បានលើកឡើង អំពីបញ្ហាមួយចំនួន ដូចជាបញ្ហារៀងរាល់របាយការណ៍សំយោគ ឬកំណត់ហេតុផ្សេងៗ ដោយផ្ដោតសំខាន់លើការសរសេរអក្ខរាវៈរុថ «ពោលគឺសរសេរមិនឲ្យមានខុស» ដោយអនុវត្តតាម «វចនានុក្រមរបស់សម្ដេច ជួន ណាត» ជាពិសេស លើបញ្ហាសន្តិសុខ ពាក់ព័ន្ធគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ នៅតែកើតមានឡើង បើទោះបីជាមានការចុះបង្ក្រាបជាហូរហែរពីសមត្ថកិច្ច យ៉ាងណាក៍ដោយ ដែលធ្វើឲ្យប្រជាពលរដ្ឋនិយាយតៗគ្នា រឿងអសន្តិសុខបានកើតឡើង ធ្វើឲ្យមូលដ្ឋានមិនមានភាពរឹងមាំ។

លើសពីនេះ សមាជិកក្រុមប្រឹក្សាខណ្ឌ បានលើកឡើងពីការរិះគន់តៗគ្នា ពីសំណាក់ប្រជាពលរដ្ឋថា បច្ចុប្បន្ននៅតាមមូលដ្ឋានសង្កាត់-ភូមិ ក្នុងមូលដ្ឋាន ដោយមិនបង្ហើបឲ្យចំឈ្មោះឡើយ មានទាំងការផ្ដល់ទីតាំងសម្រាប់ជនប្រព្រឹត្តបទល្មើសជក់គ្រឿងញៀន «ពោលទីតាំងនោះពេលចូលទៅដល់ខាងក្នុង គ្រាន់តែបង់ប្រាក់ និងបានជក់ហើយ»

លើសពីនេះទៀត សមាជិកក្រុមប្រឹក្សាខណ្ឌ បានលើកឡើងពីការរិះគន់តៗគ្នា ពីសំណាក់ប្រជាពលរដ្ឋទៀតថា ចំពោះល្បែងស៊ីសងគ្រប់ព្រភេទ នៅតែបន្តសកម្មភាពលេង ជាពិសេសល្បែងហ្គ្រេមបាញ់ត្រី នៅតាមមូលដ្ឋាននិមួយៗ ឃើញថា រាល់ការបង្ក្រាបរបស់សមត្ថកិច្ច និងអាជ្ញាធរ គឺបង្ក្រាបតែសំបកទូរហ្គ្រេម យកមកក្រវាត់ចោលតែប៉ុណ្ណោះ គ្មាននោះទេក្បាលម៉ាស៊ីន «ពោលគឺហាក់បីដូចជាម្ចាស់ទីតាំង ត្រូវបានគេរាយការណ៍ឲ្យបានដឹងជាមុន» ទើបអាចដោះក្បាលម៉ាស៊ីនចេញបានយ៉ាងដូច្នេះ និងស្នើរឲ្យក្រុមប្រឹក្សា ពិសេសសមត្ថកិច្ច បង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ក្រាបល្បែងឲ្យកាន់តែក្លាំងក្លា ដើម្បីមូលដ្ឋានរឹងមាំ។

បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក វ៉ាន់ សាលី ក៍ដូចជាសមាជិកក្រុមប្រឹក្សាខណ្ឌ ទាំងអស់ក្នុងកិច្ចប្រជុំ បានធ្វើការអនុម័ត្រសេចក្ដីព្រៀងរបាយការណ៍ប្រចាំខែមេសានេះ ដើម្បីបន្តរិះរក និងដោះស្រាយបញ្ហា ដែលកំពុងប្រឈមនានា ក្នុងការរក្សាឲ្យបានទាំងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ និងការអភិវឌ្ឃន៍បន្តទៀត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕