(កំពត)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គម្រោងសាងសង់មជ្ឈមមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនេះ នឹងផ្តល់ជាប្រយោជន៍ដល់យុវជនយុវនារី ក្នុងគ្រួសារក្រីក្រ ដែលពុំមានលទ្ធភាពទៅបន្តការសិក្សា ក្រោយចប់ថ្នាក់អនុវិទ្យាលយ័ អាចមកសិក្សានូវវិជ្ជាជីវៈដែលមាន០៤ ជំនាញគឺ ផ្នែកជាងប្រពន្ធ័ទុយោទឹក ជាងអគ្គិសនី ផ្នែកជាងផ្សារ និងផ្នែកជាងឈើ។
ជំនាញទាំងបួននេះ ត្រូវបានសម្រាំងឡើងផ្អែកតាមទីផ្សារតម្រូវការបច្ចប្បន្នដែលមានកំណើនខ្ពស់លើវិសយ័សាងសង់ជាអាទិភាព។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានចាត់ទុកថា សមិទ្ធផលដែលនឹងចាប់បដិសន្ធិនៅពេលឆាប់ៗនេះ គឺជាចំណងដៃរបស់ អង្គការភូមិកុមារ អេសអូអេស កម្ពុជា (SOS) ជូនចំពោះប្រជាជននៅទូទាំងខេត្តកំពត។
លោក វង សូត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការងារកុមារ ជាការងារអាទិភាព នៅក្នុងកម្មវិធីនយោបាយ និងបានបញ្ចូលការងារកុមារទៅក្នុងឯកសារយុទ្ធសាស្រ្តជាតិនានា ដូចជា គោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចៗ គោលនយោបាយថែទាំជំនួសចំពោះកុមារ និងគោលនយោបាយណែនាំការថែទាំ ការគាំទ្រ និងការការពារកុមារកំព្រា និងកុមារងាយរងគ្រោះ គោលនយោបាយការពារកុមាររងគ្រោះដោយការជួញដូរ គោលនយោបាយជាតិស្តីពីអាហាររូបត្ថម្ភ យុទ្ធសាស្រ្តជាតិស្តីពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងគោលនយោបាយណែនាំសម្រាប់ការអនុវត្តការចូលរួមរបស់កុមារជាដើម។
រដ្ឋមន្រ្តី វង សូត បានបន្ថែមថា អង្គការភូមិកុមារ អេសអូអេស កម្ពុជា (SOS) ជាអង្គការមនុស្សធម៌អន្តរជាតិមួយដែលបម្រើឲ្យវិស័យសុខមាលភាពកុមារ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការបង្កើតភូមិកុមារ កម្មវិធីផ្ទះ សម្រាប់ផ្តល់សេវាសង្គមកិច្ច ផ្ទះសម្រាប់យុវជន មត្តេយ្យសាលា មជ្ឈមណ្ឌលបណ្តុះបណ្តាលជាដើម។
លោក ផុង ដា នាយកថ្នាក់ជាតិភូមិកុមារ អេសអូអេស កម្ពុជា (SOS) បានលើកឡើងថា យុវជន យុវនារីទាំងនេះនឹងត្រូវសិក្សាក្នុងរយៈពេល ១ ឆ្នាំ ដោយផ្តល់ឲ្យនូវការស្នាក់នៅក្នុងមណ្ឌល អាហារ ០៣ ពេល និងសម្លៀកបំពាក់ ០២ សម្រាប់រហូតដល់បញ្ចប់ការសិក្សា និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សារដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអេសអូអេសដោយផ្ទាល់ ព្រមនឹងទទួលបានសម្ភារៈជាងមួយប្រអប់ធំក្នុងការចេញទៅប្រកបមុខរបរនៅខាងក្រៅ ។
គួរបញ្ជាក់ថា អង្គការភូមិកុមារ អេសអូអេស កម្ពុជា ក្រោយពីចុះកិច្ចព្រមព្រៀងជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុង ឆ្នាំ ១៩៩៩ មកបាននឹងកំពុងអនុវត្តសកម្មភាពស្របទៅតាមផែនការរបស់ខ្លួន ដែលផ្តោតលើការថែរទាំជំនួសដល់កុមារដែលងាយរងគ្រោះបំផុត និងលើកស្ទួយនូវ ជីវភាពគ្រួសារក្រីក្រតាមសហគមន៍ក្នុង ខេត្តចំនួន ០៦ រួមមាន ភ្នំពេញ សៀមរាប បាត់ដំបង រតនគីរី ក្រចេះ និងកំពត ដោយបានសាងសង់ភូមិកុមារចំនួន០៦ សាលារៀនហៃម៉ានមៃនរ័កម្រិតមធ្យមសិក្សាចំនួន ០៣ សាលាមត្តេយ្យចំនួន ០៦ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ០១ មណ្ឌលសុខភាពសង្គមកិច្ចចំនួន ០១ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលថា្នក់ជាតិចំនួន០១៕