(ភ្នំពេញ)៖ បន្ទាប់ពីបង្កើតជារូបរាងហើយនោះ ពេលនេះមូលនិធិគន្ធបុប្ផា ដែលបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលថវិកាជិត ៤លានដុល្លារហើយ។ ថវិកាទាំងនោះ ទទួលបានពីការចូលរួមរបស់ស្ថាបនិក សហស្ថានិក សមាជិក អ្នកគាំទ្រ និងសប្បុរសជននានា។
បើតាមតារាងថវិកា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្នុងចំណោមថវិកាទាំងជិត៤លានដុល្លារនោះគឺថវិកាមួយភាគធំ ស្មើនឹង ១,៥លាន បានមកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងកាកបាទក្រហមកម្ពុជា។ ក្រៅពីនោះបានមកពីមន្រ្តី សេដ្ឋី រួមទាំងសប្បុរសជនផ្សេងៗទៀត។
សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ មូលនិធីនេះ មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏មានថវិកាទ្រទ្រង់ដំណាក់កាលដំបូងជាង ១១លានដុល្លារអាមេរិកផងដែរ។
ការបង្កើត មូលនិធិគន្ធបុប្ផានេះ ធ្វើឡើងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីប្រធានមន្ទីរពេទ្យនេះគឺ លោក ប៊ិត រចនឺ កាន់តែអស់លទ្ធភាពបន្តិចម្តងៗ ក្នុងការស្វែងរកជំនួយឧបត្ថម្ភពីក្រៅប្រទេស៕
ខាងក្រោមនេះជាបញ្ជីឈ្មោះ ស្ថាបនិក និងអ្នកចូលរួមផ្តល់ថវិកាសម្រាប់មូលនិធិគន្ធបុប្ផា៖