(ភ្នំពេញ)៖ កម្មវិធីរៀនតាមអ៊ីនធើណិតថ្មីមួយឈ្មោះថា «រៀនតាមចិត្ត» ដែលបង្កើតឡើងដោយក្រុមវិនិយោគិនខ្មែរ បានដាក់ឱ្យដំណើរការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសហស្ថាបនិក «រៀនតាមចិត្ត» បុគ្គលិក សិស្ស លោកគ្រូ-អ្នកគ្រូជាង១០០នាក់។
«រៀនតាមចិត្ត» បង្កើតឡើងដោយក្រុមហ៊ុន Reantamchet Education Co.,LTD គឺជាវេទិការៀនតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីបំផុត នៅប្រទេសកម្ពុជា ដែលមានជាគេហទំព័រ និងកម្មវិធីទូរស័ព្ទ ដែលអ្នកប្រើប្រាស់អាចដោនឡូត បានលើ iOS និង Android។
គេហទំព័រ និងកម្មវិធីទូរស័ព្ទនេះ បានផ្តល់ភាពងាយស្រួលដល់សិស្ស អាចរៀនជាមួយ សាស្ត្រាល្បីៗជាច្រើន គ្រប់ពេលវេលា គ្រប់ទីកន្លែង។ សម្រាប់ជំហានដំបូង រៀនតាមចិត្ត មានកម្មវិធីសិក្សាសំខាន់ៗ សម្រាប់តែសិស្សថ្នាក់ទី១២តែប៉ុណ្ណោះ ដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការ លោក ហោ បូណា សហស្ថាបនិក «រៀនតាមចិត្ត» បានថ្លែងថា «យើងជឿជាក់ថា គេហទំព័រ និងកម្មវិធីទូរស័ព្ទ រៀនតាមចិត្ត មិនត្រឹមតែផ្តល់ បទពិសោធន៍ថ្មីនៃការរៀនប៉ុណ្ណោះទេ ថែមទាំងអាចសិក្សាជាមួយសាស្ត្រាល្បីៗ នៅទីក្រុងភ្នំពេញ ជាពិសេសសិស្សដែលរស់នៅតាមខេត្ត»។
លោក ហោ បូណា បានបញ្ជាក់ទៀតថា សិស្សអាចបង់ប្រាក់លើថ្លៃសិក្សា របស់ពួកគេតាមរយៈប្រព័ន្ធអនឡាញដ៏ មានសុវត្ថិភាពបាន។ ឪពុក-ម្តាយ ឬសាច់ញាតិ បងប្អូន ក៏អាចទិញកម្មវិធីសិក្សានេះ ជាកាដូសម្រាប់កូន ឬក្មួយរបស់ពួកគេផងដែរ។
លោកថា គេហទំព័រ និងកម្មវិធីទួរស័ព្ទនេះ អាចផ្តល់ទំនាក់ទំនងរវាង សិស្សនិងសាស្ត្រា បានយ៉ាងងាយស្រួល ដែលសិស្សអាចសួរសំណួរនានាបាន។ សាស្ត្រានឹងរៀបចំ កាលវិភាគដើម្បី ពន្យល់តាមប្រព័ន្ធអនឡាញ ពីលំហាត់ដែលដាក់ឲ្យធ្វើ។ សិស្សក៏អាចវាយតម្លៃនិងមើល មុខវិជ្ជាដែលខ្លួនចង់រៀនផងដែរ។
សហស្ថាបនិករូបនេះ បានលើកឡើងថា «គោលបំណងរបស់យើង គឺចង់ជួយឲ្យប្រជាជនយើង ស្វែងយល់បន្ថែមលើការសិក្សារបស់ពួកគេ និងអភិវឌ្ឍន៍ជំនាញរបស់ពួកគេ តាមរយៈបទពិសោធន៍ជាមួយការសិក្សាតាមបច្ចេកវិទ្យាថ្មីនេះ»។
លោកបានបន្តទៀតថា «យើងបានឃើញពីកំណើន នៃការប្រើប្រាស់ទូរស័ព្ទទំនើប របស់ប្រជាជនកម្ពុជា និងការប្រើប្រាស់បណ្តាញសង្គម។ នេះគឺជាឱកាសដ៏ល្អ ដើម្បីណែនាំពួកគេ ឲ្យទទួលយកបទពិសោធន៍ថ្មី នៃការសិក្សាតាមរយៈការរៀន តាមប្រព័ន្ធអនឡាញ និងអាចស្គាល់មិត្តភក្តិថ្មីៗ»។
សូមបញ្ជាក់ថា មុខវិជ្ជាដែលរៀនតាមអនឡាញ តាមកម្មវិធី «រៀនតាមចិត្ត» គឺរៀបរៀងដោយ សាស្រ្តា និង លោកគ្រូអ្នកគ្រូ ល្បីៗដូចជា លោកគ្រូ នាង បូ, អ្នកគ្រូ ជ្រុន ឆៃគីម, លោកគ្រូ ងិន ណៃស៊ត, លោកគ្រូ ធូ ភន, លោកគ្រូ ព្រៃ សំបូរ និងលោកគ្រូ ធាង ស្រ៊ុយ។ មុខវិជ្ជា និង កម្មវិធីសិក្សាជាច្រើនទៀត ដោយសាស្រ្តាល្បីៗ នឹងត្រូវបានបន្ថែម ជាបន្តបន្ទាប់៕