(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បាន​អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី ដែលបានលាលែងពីសមាជិកអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤៧០រូប មកចូលរួមជីវភាពនយោបាយជាមួួយគណបក្សប្រជាជនកម្ពុជា សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

ក្នុងពិធីប្រកាស បញ្ចូលសមាជិកថ្មី លោក ឃឹម ប៊ុនសុង បានថ្លែងថា ការបញ្ចូលសមាជិកថ្មីនេះ ស្របតាមលក្ខន្តិៈ បទបញ្ជាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងសេចក្តីណែនាំរបស់ គណៈកម្មាធិការកណ្តាល ស្តីពី តួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង។

លោកបានថ្លែងអំណរគុណចំពោះ សមាជិក-សមាជិកា គណបក្សថ្មី ដែលបានគាំទ្រហើយសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា និងកោតសរសើរចំពោះ សាខាគណបក្ស ដែលបានខិតខំកសាងសមាជិកបក្ស និងរៀបចំបែបបទ បញ្ចូលសមាជិកបក្ស ហើយបានរៀបចំពិធីប្រកាសជាផ្លូវការ។

ទន្ទឹមនេះ លោក ឃឹម ប៊ុនសុង ក៏បានបង្ហាញគោលបំណង របស់គណបក្ស គឺប្រមូលកម្លាំងគ្រប់ជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រលាញ់ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ សមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

លោកបន្តថា ត្រូវពង្រឹងស្មារតីពុះពារអប់រំ កសាងខ្លួនជាប្រចាំ ខិតខំរៀនសូត្រ និងខិតខំប្រតិបត្តិឲ្យបាន ត្រឹមត្រូវតាមកម្មវិធី នយោបាយបក្ស លក្ខន្តិកៈរបស់បក្ស បទបញ្ជាផ្ទៃក្នុងគណបក្ស វិន័យបក្ស កសាងអំពើល្អ និងទំនាក់ទំនងល្អ ជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយ អំពីកម្មវិធីនយោបាយ របស់គណបក្សដល់ប្រជាជន ដើម្បីបោះឆ្នោតជូនគណបក្ស ឈានទៅដណ្តើមភាពឈ្នះជូនគណបក្ស។

ជាមួយគ្នានោះ លោក ឃឹម ប៊ុនសុង និងក្រុមការងារ បានផ្តល់នូវសារុងម្នាក់១ និងថវិកា២ម៉ឺនរៀល ជូនដល់អ្នកចូលរួមក្នុងពិធីទាំង៧១៧រូបផងដែរ។

គួរបញ្ជាក់ថា មកទាល់ពេលនេះអតីតសមាជិកគណបក្សសង្គ្រោះជាតិ ចំនួន៨៤៩រូប ដែលបានសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានៅសង្កាត់ចុងឃ្នៀស៕