(ភ្នំពេញ)៖ តារាចម្រៀង និងសម្ដែងប្រុសរូបសង្ហា កូនកាត់ចិន លោក អេឡិច ចាន់ត្រា ដែលត្រូវបានអ្នកគាំទ្រស្គាល់ថា ជាតារានិយមលេងសំភារៈដូចជា ឡាន សម្លៀកបំពាក់ និងស្ទីលតុបតែងនោះ មួយរយៈចុងក្រោយនេះ ហាក់កំពុងឡើងកូដខ្លាំង ជាមួយការងារសិល្បៈគួរសម ជាពិសេសកាក់កបនឹងមុខរបររកស៊ីជំនួញផ្ទាល់ខ្លួនតែម្ដង ធ្វើឲ្យយ៊ីអ៊ុនឡើងស្រឺតៗ។ ជាក់ស្ដែង កាលពីយប់មិញនេះ តារាសម្ដែង អេឡិច ចាន់ត្រា បានធ្វើពិធីឡើងវីឡាដ៏ប្រណិតធំស្កឹមស្កៃមួយ ដែលមានទីតាំងស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ វីឡាដ៏ស្រស់ស្អាតខាងលើនេះ មានតម្លៃរហូតដល់ទៅ ជិតកន្លះលានដុល្លារឯណោះ ដែលត្រូវបានលោក អេឡិច ចាន់ត្រា ទិញសម្រាប់ទុកជាទីកន្លែងស្នាក់ការរកស៊ី បំពេញកិច្ចការងារ ខណៈបច្ចុប្បន្ន លោកក៏កំពុងមមាញឹកនឹងបង្កើតជំនួញថ្មីៗ ជាច្រើន ទៀតផងនោះ កាន់តែធ្វើឲ្យរូបលោក ខ្នាស់ខ្នែង ទិញវិឡា បន្តកន្ទុយគ្នា ជាហូរហែមក។
នាយប់ថ្ងៃទី ២៦ ខែ មេសា នៅក្នុងកម្មពិធីឡើងគេហដ្ឋានថ្មី គេសង្កេតឃើញ មានការចូលរួមពីសំណាក់តារាល្បីៗជាច្រើន មានទាំងអ្នកជំនួញធំៗ មន្រ្តីរាជការ បងប្អូនសាច់ញាតិ របស់ម្ចាស់កម្មវិធី បន្តសម្រុកចូលអបអរសាទរ ឡើងកក្រើកកក្រែង និងពោរពេញទៅដោយក្ដីរីករាយ ស្នាមញញឹមពេញរោងពិធី។ អ្វីគួរឲ្យកត់សម្គាល់វីឡាថ្មីនេះ មិនមែនជាផ្ទះដំបូងឡើយ សម្រាប់លោក អេឡិច ចាន់ត្រា ពោលគឺជាផ្ទះទី៣ ដែលតារាសាច់សកាត់ចិនរូបនេះ ទិញក្នុងតម្លៃមួយស្ទើរមិនគួរឲ្យជឿ។
លោក អេឡិច ចាន់ត្រា បានអះអាងប្រាប់ Khmertalking ថា «បាទបង.!វីឡាថ្មីនេះ មានតម្លៃជិតកន្លះលានដុល្លារនេះ គឺខ្ញុំទិញផ្ដាច់តែម្ដង ដោយចូលរួមភាគហ៊ុន ពីឪពុកម្តាយរបស់ខ្ញុំខ្លះ។ ផ្ទះថ្មីសម្ពោធនេះ គឺជាផ្ទះទី៣ ដែលផ្ទះមុនៗជាប្រភេទផ្ទះល្វែង»។
លោក អេឡិច ចិន្ត្រា បានបន្តទៀតថា «មូលហេតុដែលទិញវីឡារាប់ម៉ឺនបែបនេះ គឺមានផែនការជាច្រើនដោយវីឡាមួយនេះ នឹងក្លាយជាទីស្នាក់ការបំពេញកិច្ចការមួយចំនួន។ ក្នុងនោះផ្នែកខាងលើ ជាកន្លែងនិយាយការងារ សេវាទទួលរៀបចំកម្មវិធី រៀបមង្គលការ ភ្លេងសម័យ និងតារាចម្រៀងល្បីៗ ជាច្រើន។ ចំណែកផ្នែកនៅខាងក្រោម គឺបើកជាកន្លែងម៉ាស្សា ជូនអ្នកនៅក្នុងបុរីនេះ ព្រោះមានបងប្អូនយើងជាង១ម៉ឺនគ្រួសារនៅទីនេះ មិនបាច់ទៅណាឆ្ងាយយើងមានរៀបចំស្រាប់តែម្តង ហើយអាចកក់ជួលនៅតាមផ្ទះក៏បាន ពោលគឺខ្ញុំសម្រេចចិត្តទិញ ដោយសារតែតំបន់នេះ មានទីតាំងនៅជិតមន្ទីរពេទ្យ និងផ្សារទំនើប ដែលជាតំបន់សេដ្ឋកិច្ច និងសំបូរប្រជាជនរស់នៅ។ ផ្ទះដែលមាន២ទៅ៣កន្លែង គឺជួលទាំងអស់ ដោយយកលុយមករកស៊ី។ ដោយឡែក ចំពោះរូបខ្ញុំបាទ គឺរស់នៅក្នុងខុនដូ មួយកន្លែង មិនបានរស់នៅផ្ទះល្វែង ទាំងនោះទេ»៕