(កំពង់ធំ)៖ បុគ្គលិកធនាគាស្ថាបនាម្នាក់ បានជិះម៉ូតូទៅបុកគូទរថយន្តដែលកំពុងឈប់ ចំពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអធ័ម។ ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅយប់ថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៨ នៅភូមិសាលាឃុំឃុំទ្រៀល ស្រុកបារាយ ខេត្កកំពង់ធំ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹម គឹមហ៊ុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាបុគ្គលិកធនាគាស្ថាបនា មានទីលំនៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សាក្សីនិយាយថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ដែលជាបុគ្គលិកធនាគានេះ បានជិះម៉ូតូឌ្រីមសង់C125ពណ៍ខ្មៅ ស្លាកលេខ1FM. 8861ចេញពីត្បូងទៅជើង ក្នុងក្នុងល្បឿនលឿនខណៈមកដល់កន្លែងកើតហេតុ ក៏បានជ្រុលទៅនឹងបុកគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយ៤ភ្លៅ ពណ៌សរពាក់ ស្លាកលេខ ខក5639.ភព3 ដែលបានចតក្នុងទិសដៅស្របទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យយុវជនរូបនោះ បានផ្លោងទៅបុកនឹងរថយន្ត បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពីកើតហេតុដូចនោះតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ចំណែកវត្ថុតាងម៉ូតូ នឹងរថយន្ត ត្រូវបានមន្រ្តីប៉ូលិសចរាចរណ៍ ស្រុកបារាយណ៍ អូសយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរងចាំធ្វើការដោះស្រាយ នៅពេលក្រោយ។
សាកសពត្រូវបានប៉ូលិសប្រគល់ឱ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕