Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ កម្មវិធី Mobile Wallet របស់ ​AEON ជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ

27-04-2018 16:35

(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ការប្រើប្រាស់ប្រាក់រៀល មិនទាន់មានសន្ទុះខ្លាំងក្លានៅឡើយទេ ដោយប្រជាពលរដ្ឋបានជ្រើសរើស ប្រាក់ដុល្លារច្រើនជាងប្រាក់រៀល ដូច្នេះដើម្បីបង្កើនការប្រើប្រាស់ប្រាក់រៀល ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានបង្កើតឲ្យមានកម្មវិធីមួយគឺ Mobile Wallet ដែលមានឈ្មោះថា AEON Wallet Cambodia និងបើកសម្ពោធជាផ្លូវការនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។ ការបង្កើតឲ្យមានកម្មវិធីថ្មីនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់លោកស្រី ជា សេរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា។

លោកស្រី ជា សេរី បានថ្លែងឲ្យដឹងថា ធនាគារឯកទេសអ៊ីអន បានធ្វើការប្រតិបត្តិដ៏ពិសេសជាងគេមួយ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល គឺការបង្កើតឲ្យមាន AEON Wallet ដែលទូទាត់ជាប្រាក់រៀលតែមួយមុខគត់ ដូច្នេះហើយអតិថិជន គ្មានជម្រើសក្នុងការជ្រើសរើស ការទូទាត់ជាដុល្លារនោះឡើយ។

លោកស្រីបានបញ្ជាក់ទៀតថា «ការប្រើប្រាស់ប្រាក់រៀល របស់ធនាគារអ៊ីអននេះ ខ្ញុំគិតថាអាចមានប្រជាប្រិយភាពជាង ការផ្ដល់សេវាទូទាត់ដទៃទៀត ព្រោះថាអ៊ីអន មានផ្សារទំនើបជារបស់ខ្លួនឯងស្រាប់ ដូច្នេះខ្ញុំសង្ឃឹមថា ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ តាមរយៈការប្រើប្រាស់ប្រព័ន្ធ AEON Wallet នេះ»

កម្មវិធី AEON Wallet Cambodia នេះមានមុខងារទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗជាប្រាក់រៀល តាមរយៈទូរស័ព្ទដៃ (Smartphone) ដោយពុំចាំបាច់ប្រើប្រាស់ សាច់ប្រាក់ផ្ទាល់នោះឡើយ។ មួយវិញទៀតកម្មវិធីនេះ អាចផ្ដល់នូវការបញ្ចុះតម្លៃក្នុងការជាវទំនិញក្នុងហាងទំនើបផ្សេងដែលជាដៃគូរថែមទៀតផង។ ពិសេសជាងនេះទៀតនោះ កម្មវិធី AEON Wallet Cambodia បានជំរុញឲ្យការប្រើប្រាស់ប្រាក់រៀលកាន់តែ ទូលំទូលាយ ព្រោះថាគ្រប់ប្រតិបត្តិការទាំងអស់ គឺទូទាត់ជាប្រាក់រៀល ព្រមជាមួយគ្នានោះអតិថិជន ក៏ទទួលបានភាពងាយស្រួល និងឆាប់រហ័សក្នុងការទូទាត់សាច់ប្រាក់។


លោក Taketo Ando នាយកគ្រប់គ្រង ធនាគារឯកទេសអ៊ីអន ឲ្យដឹងថា ធនាគារឯកទេសអ៊ីអន មានឆន្ទៈខ្ពស់ ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា និងជួយជំរុញការប្រើប្រាស់ប្រាក់រៀលរបសកម្ពុជាឲ្យកាន់តែខ្លាំងក្លា៕