(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានចុះទៅបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែងជាង ១ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។

លោកមេឃុំក្អមសំណរ បានលើកឡើងថា នេះជាមោទនភាពបំផុតសម្រាប់ប្រជាពលរដ្ឋ នៅក្នុងឃុំក្អមសំណរទាំងមូល ដោយទទួលបានផ្លូវបេតុង១ខ្សែ ប្រវែង១,២៩៨ម៉ែត្រ ដែលជាចំណងដៃរបស់សាលាខេត្តកណ្តាល។ លោកបានបន្តថា ផ្លូវ១ខ្សែនេះ ធ្វើឲ្យពលរដ្ឋលោកប្រែមុខមាត់ថ្មី ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសនោះ រដូវភ្លៀងធ្លាក់ខិតចូលមកដល់ហើយ តែមានផ្លូវបេតុង គឺប្រជាពលរដ្ឋមិនពិបាកដូចមុនទៀតទេ។

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ត្រូវស្ថាបនានេះ ប្រសិនបើក្រុមហ៊ុនទទួលស្ថាបនាផ្លូវបេតុងនេះ ប៉ះពាល់បន្តិចបន្តួចលើផលដំណាំ ឬរបងផ្ទះ សូមជួយសម្រួល និងចូលរួមជាមួយក្រុមហ៊ុន ដើម្បីឲ្យដំណើរការស្ថាបនានេះទទួលបានជោគជ័យដោយរលូន។

លោកបានផ្តាំថា ក្រោយពីស្ថាបនារួច ត្រូវចូលរួមជួយថែរក្សាផ្លូវពេលឃើញទឹកដក់ត្រូវជួយកាយបង្ហូរចេញកុំឲ្យមានដក់លើផ្លូវ ព្រោះថាបើប្រជាពលរដ្ឋមិនចូលទាំងអស់គ្នានោះទេ គឺវាអាចឆាប់ខូចខាតទៅវិញ។ លោកបានឲ្យដឹងបន្តថា សម្រាប់គម្រោងស្ថាបនាផ្លូវ គឺសាលាខេត្ត និងបន្តស្ថាបនាបន្ថែមទៀតធ្វើយ៉ាងណាឲ្យពលរដ្ឋងាយស្រួល និងចំណេញពេលវេលាផងដែរ៕