(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅភូមិព្រែកខៀវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលបានចោទប្រកាន់ខុសពីការពិតថា ភរិយារបស់ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទៅរំលោភយកដីនោះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានចេញមុខសុំទោសជាសាធារណៈ និងបកស្រាយពីដំណើររឿងពិតជាថ្មីឡើងវិញ។

លោក លន់ ចាន់ណា អាយុ៣៥ឆ្នាំ ដែលបាននិយាយចោទប្រកាន់ លើភរិយាថ្នាក់ដឹកនាំ ដោយមិនមានមូលដ្ឋានច្បាស់លាស់ ពោលគ្រាន់តែលឺគេថានោះ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហៅមកសួរនាំលម្អិតអំពីការចោទប្រកាន់ខាងលើ។

នៅចំពោះមុខអ្នកសារព័ត៌មាន និងមន្ដ្រីនគរបាលជំនាញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ លោក លន់ ចាន់ណា​ បានសារភាពទោសកំហុសថា កាលដែលខ្លួននិយាយចោទប្រកាន់ទៅលើភរិយាលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា នោះដោយសារតែលឺគេនិយាយតៗ និងជឿតាមសម្តីគេពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះ ហើយខ្លួនក៏មិនបានស្គាល់មុខ និងបានឃើញផ្ទាល់ភរិយាលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា នោះដែរ។

ពលរដ្ឋដែលធ្លាប់បាននិយាយតាមរយៈវីដេអូ ហើយបង្ហោះជាសាធារណៈ នៅថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ បានបញ្ជាក់ទៀតថា កាលដែលខ្លួននិយាយថា អ្នករំលោភដីនោះជាភរិយា លោក ជា សុផារ៉ា ដោយសារមានអ្នកបង្គាប់បញ្ជានៅពីក្រោយខ្នង ហើយបុគ្គលធានាអះអាងថា នឹងជួយយកដីមកឲ្យវិញ ហើយហ៊ានទៅដាក់ពាក្យបណ្ដឹង។

លោក លន់ ចាន់ណា ដែលមិនចេះអក្សរខ្មែរទាល់តែសោះ ពោលរៀនបានត្រឹមថ្នាក់ទី២ ​បានអះអាងទៀតថា អ្នកបញ្ជានៅពីក្រោយខ្នងនោះ ​ខ្លួនមិនស្គាល់​ទេ​ ប៉ុន្ដែមានអ្នកខ្លះ​ថា បុគ្គលនោះមានដីនៅតំបន់ខាងលើ ហើយខ្លះទៀតថា អ្នករកស៊ីគួកជេរដីធ្លី ហើយខ្លះទៀតថា ឈ្មោះ «វិទូ»។ ប៉ុន្ដែទោះជាយ៉ាងណាបុគ្គលរូបនេះ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នឹងស្រាវជ្រាវបន្ដទៀត ដើម្បីតាមរកចាប់ខ្លួនចាត់ការតាមនីតិវិធី។

លោក ចាន់ណា ដែលតំណាងអោយពលរដ្ឋនៅតំបន់មានជម្លោះដីធ្លី បន្ទាប់ពីដឹងការពិតយ៉ាងច្បាស់ហើយ នៅព្រឹកមិញនេះ បាននិយាយទាំងអួលដើមកដោយលើកដៃ ​សុំទោសជាសាធារណៈទៅកាន់ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ចំពោះការលាបពណ៌ថា បានទៅរំលោភយកដីប្រជាពលរដ្ឋ និងបានអះអាងថា ខ្លួនពិតជាល្ងង់ខ្លៅដែលមិនបានស្វែងយល់ឲ្យច្បាស់ ហើយជឿតាមតែគេថា។

ប៉ុន្ដែទោះជាយ៉ាងណា លោក លន់ ចាន់ណា រហូតមកដល់រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ​កំពុងស្ថិតក្រោមការសួរនាំបន្ដ របស់កម្លាំងនគរបាលជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។

សូមជម្រាបថា ការចេញមុខបកស្រាយ និងសុំទោសជាសាធារណៈខាងលើរបស់លោក លន់ ចាន់ណា បានធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ​​មានវីដេអូចែកចាយបន្ដគ្នាដោយលោកបាននិយាយថា ភរិយារបស់លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានទៅរំលោភយកដីរបស់ប្រជាពលរដ្ឋ នៅភូមិព្រែកខៀវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ហើយថែមទាំងបានប្រើប្រាស់ហិង្សាទៅលើពលរដ្ឋផងដែរ៕​