(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានរៀបចំកម្មវិធីអបអរសារទរដល់ ទិវាផ្តល់ថ្នាំបង្ការពិភពលោក ក្រោមប្រធានបទ «ការពារសហគមន៍យើង ដោយចាក់វ៉ាក់សាំង» ដែលពិធីនេះត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ នៅមណ្ឌលសុខភាពស្អាង ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។

លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ការរៀបចំទិវាផ្តល់ថ្នាំបង្ការ​ពិភពលោកក្រោមប្រធានបទនេះ​ ចង់បញ្ជាក់ថា ការចាក់វ៉ាក់សាំង គឺជាភារកិច្ចរបស់យើងគ្រប់គ្នា ដោយធានាបានថា យើងគ្រប់គ្នាត្រូវបានការពារពីជំងឺ ដែលអាចការពារបានដោយចាក់វ៉ាក់សាំង ហើយក៏មានគោលបំណង ចង់បង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋផងដែរ។

លោកបានបន្តទៀតថា រហូតមកដល់ពេលនេះវ៉ាក់សាំង របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល មានចំនួនរហូតដល់១១មុខហើយ រួមមានវ៉ាក់សាំងការពារជំងឺរបេង ជំងឺរលៀកថ្លើមប្រភេទបេ(B) ជំងឺគ្រុនស្វិតដៃជើង ជំងឺតេតាណូស ជំងឺក្អកមាន់ ជំងឺខាន់ស្លាក់ ជំងឺរលាកសួត និងស្រោមខួរក្បាលដោយបាក់តេរីហ៊ីប ជំងឺរលាកសួតនិងស្រោមខួរក្បាល ដោយបាក់តេរីភ្នើម៉ូកូក ជំងឺកញ្ជ្រឹល ជំងឺស្អូច និងជំងឺរលាកខួរក្បាលជេអ៊ី ផងដែរ។

លោកជំរុញឱ្យអាណាព្យាបាលទាំងអស់ ត្រូវតែនាំកូនចៅទៅ​ទទួលការចាក់ថ្នាំវ៉ាក់សាំង ​ឱ្យបានគ្រប់ៗគ្នា​ និងទៀងទាត់ពេលវេលាផងដែរ។

លោកវេជ្ជ​បណ្ឌិត​រូបនេះ ក៏បានធ្វើការអំពាវ​នាវ ឲ្យ​ប្រជាពលរដ្ឋ ​ត្រូវធ្វើការប្រុងប្រយត្ន័ចំពោះកូនចៅ ដើម្បីការពារកុំឱ្យកើតជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដោយរដូវវស្សា​ឈានចូលមកដល់​មានភ្លៀងធ្លាក់ មានទឹកដក់​បង្ករជា​មូសខ្លា និងមូសដែកគោល​ញីខាំ ដែលអាចបង្កឲ្យកើតមានជំងឺទាំងនេះ ដូច្នេះដើម្បីការពារពី​ជំងឺទាំងនេះ ពលរដ្ឋត្រូវតែសម្អាតបរិវេណផ្ទះកុំឱ្យមានដក់ទឹកនាំឱ្យមូសងាយនឹងកើត ជាពិសេសត្រូវគេងដាក់មុងជានិច្ច៕