(ក្រចេះ)៖ ឧបដ្ឋានសាលាទំហំ ២០គុណ៣០ម៉ែត្រ ដែលបម្រើដល់ពុទ្ធសាសនិកក្នុងការគោរព និងប្រណិនប័តក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងពុទ្ធបរិស័ទជាង១ពាន់នាក់ ក្នុងភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ។
លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានរាយការណ៍ពីស្ថានភាពទូទៅ ពីការអភិវឌ្ឍន៍រីកចម្រើនរបស់ស្រុកដោយបញ្ជាក់ថា «យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋក្នុងស្រុកឆ្លូង ទាំងមូល មានមោទនភាពក្រៃលែង ដែលទទួលបាននូវសមិទ្ធផលថ្មីថែមទៀត ក្នុងវត្តឧត្តមសាមគ្គីវាលកន្សែង ដែលជាវត្តថ្មីស្រឡាង ដែលចំណាយថវិការអស់ចមំនួន១២ម៉ឺនដុល្លារអាមេរិក»។
នៅក្នុងឱកាសនោះលោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា បានកសាងឡើងស្ទើរគ្រប់តំបន់មិនថា នៅទីប្រជុំជន ឬទីជនបទនោះទេ ដែលទាំងនេះ គឺមកពីស្រុកទេស មានសុខសន្តិភាព ស្ថេរភាពនយោបាយសង្គម មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកថា ការរីកចម្រើនក្នុងផ្នែកពុទ្ធចក្រ បានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពប្រាកដនិយមរបស់ប្រជាជនកម្ពុជា ដែលគោរពសិទ្ធិសេរីភាព ខាងជំនឿសាសនា លើស្ទួយព្រះពុទ្ធសាសនា ដោយផ្អែកលើមូលដ្ឋាន ថែរក្សាប្រពៃណីជាតិ និងលើកម្ពស់តម្លៃសីលធម៌សង្គម។
ជាមួយគ្នានេះ លោកបានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមកសាង និងលើកស្ទួយនូវ វិស័យព្រះពុទ្ធសាសនា ឲ្យមានការអភិវឌ្ឍន៍រីកចម្រើន សំដៅជួយថែរក្សា និងអភិរក្សនូវវប្បធម៌ជាតិ និងសូមឲ្យបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ទាំងអស់គ្នា៕