(សៀមរាប)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានសហការជាមួយសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព នៃក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ការរៀបចំ សារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម សម្រាប់មន្ត្រីជំនាញរបស់ក្រសួង។
សិក្ខាសាលាបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយនៃគម្រោង ស្តីពី «ការអនុវត្តប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម»។
សិក្ខាសាលាខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការ និងជាតំណាងរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានមន្ត្រីជំនាញ មកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរចំណុះក្រសួង ចូលរួមសរុបចំនួន៤០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកបណ្ឌិត ទឹង ស៊ីនី បានថ្លែងថា ក្រោមការដឹកនាំ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្រសួងបាននិងកំពុងអនុវត្តផែនការ សកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ដែលមានទិដ្ឋភាពរួម និងបេសកកម្មរបស់ខ្លួនដូចជា៖
១៖ ធ្វើឲ្យមានប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន និងផលិតកម្មស្អាត នឹងធ្វើឲ្យរោងចក្រសិប្បកម្ម ទទួលបានផលចំណេញ ពីការកាត់បន្ថយថ្លៃចំណាយផលិតកម្ម បង្កើនផលិតភាព ព្រមទាំងបានចូលរួម ក្នុងការធ្វើឲ្យអប្បបរមានូវការបញ្ចេញចោលនូវសំណល់ និងឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថានផងដែរ។
២៖ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មរបស់យើង ចាំបាច់ត្រូវមានប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) មួយដែលមានទិន្នន័យគ្រប់គ្រាន់ សម្រាប់ការធ្វើសមាហរ័ណកម្មនៃនីតិវិធី និងដំណើរ ការបណ្តុះបណ្តាលបុគ្គលិក ការត្រួតពិនិត្យ ការសង្ខេប និងធ្វើរបាយការណ៍ស្តីពី ព័ត៌មាននៃសកម្មភាពទាំងឡាយ ទៅលើបរិស្ថាន។
៣៖ លើកកម្ពស់ការកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីរោងចក្រ សហគ្រាស និងសិប្បកម្ម ដោយដាក់ចេញជាគោលការណ៍ ណែនាំដល់ផលិតករទាំងឡាយ ក្នុងវិស័យនេះឲ្យអនុវត្តតាម។
លោកបណ្ឌិត បានគូសបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលថ្ងៃនេះ ជាការចូលរួមមួយយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីជំនាញរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យក្លាយជាមន្ត្រីជំនាញបង្គោល ដើម្បីមានសមត្ថភាពចូលរួមអនុវត្តការងាររៀបចំ សារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
* ណែនាំឲ្យស្គាល់ពីទស្សនៈមូលដ្ឋាន នៃផលប៉ះពាល់ និងការវាស់វែងដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
* ការកសាង និងពង្រឹងសមត្ថភាពបន្ថែម ទាក់ទងនឹងវិធីសាស្រ្ត ក្នុងការគណនាការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម
* វិធីសាស្រ្តប្រមូលទិន្នន័យចាំបាច់ និងការចងក្រងទិន្នន័យឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម
* ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធ សម្រាប់ការប្រមូលទិន្នន័យ និងចងក្រងទិន្នន័យ
* ការជំរុញការលើកទឹកចិត្ត ឲ្យសិក្ខាកាមយកចំណេះដឹង និងបទពិសោធន៍ខាងលើនេះ សម្រាប់ការអនុវត្តផែនការសកម្មភាពបន្ត។
ឈ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានគាំទ្រពេញទំហឹងក្នុងការអនុវត្តគម្រោងខាងលើនេះ។
លោកបណ្ឌិត ក៏បានលើកទឹកចិត្ត និងសំណូមពរដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ និងចូលរួមសិក្សាស្វែងយល់ និងដកស្រង់យកចំណេះដឹងល្អៗ ដែលទីប្រឹក្សាគម្រោងពន្យល់ និងបកស្រាយ ដើម្បីមានសមត្ថភាព ក្នុងការចូលរួមវគ្គបន្តបន្ទាប់ទៀត ក្នុងការឈានទៅជាមន្ត្រីជំនាញបង្គោល នឹងអាចជួយដល់ការកសាង និងពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញផ្សេងៗ និងវិស័យឯកជនពាក់ព័ន្ធ ក្នុងន័យជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីសកម្មភាពនានា ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម៕