(ភ្នំពេញ)៖ អង្គការស្ទីមកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់បញ្ញវន្តពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងទីក្រុងភ្នំពេញ ជាលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ និងថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្ដីពីកម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងទីក្រុងភ្នំពេញ ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ នឹងត្រូវបានរៀបចំឡើងនៅប្រទេសកម្ពុជាជាថ្មីម្ដងទៀត ដើម្បីអភិវឌ្ឍន៍ និងបង្កើនដែនសមត្ថភាពរបស់សិស្សានុសិស្សគ្រប់ជាតិសាសន៍។ កម្មវិធីនេះ មានជុំប្រកួតផ្ដាច់ព្រ័ត្រនៅសាកលវិទ្យាល័យយែលជារៀងរាល់ឆ្នាំ ដែលមានបំណងជំរុញសិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន ឱ្យស្គាល់ពីចំណុចខ្លាំងថ្មីៗនៃការអប់រំ និងសិក្សាជំនាញថ្មីៗ ទន្ទឹមនឹងការបណ្ដុះគំនិតអនាគតអ្នកដឹកនាំនៃសហគមន៍ថ្មី និងអ្នកអភិវឌ្ឍន៍ឧស្សាហកម្ម។ ព្រឹត្តិការណ៍នេះមានការចូលរួមពីបណ្ដាប្រទេសជាង៥០ និងអាចទាក់ទាញសិស្សឱ្យចូលរួមប្រកួតប្រមាណជាង ២០,០០០នាក់។ លោក Daniel Berdichevsky ដែលស្ថាបនិកនៃកម្មវិធីនេះ បានលើកឡើងថា «កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក ហាក់ដូចជាការប្រកួតប្រជែងធម្មតាមួយអ៊ីចឹង តែតាមការពិត វាពុំដូច្នោះឡើយ។ កម្មវិធីនេះជាការអបអរដល់ការសិក្សា...វាមានបញ្ចូលមុខវិជ្ជាផ្សេងៗគ្នា ដោយសារនៅមុនពេលយើងអាចចាប់យកជំនាញណាមួយ យើងត្រូវដឹងពីមុខវិជ្ជាទូទៅជាមុខសិន។ កម្មវិធីនេះជំរុញឱ្យសិស្សធ្វើការជាក្រុម ពីព្រោះគ្មានអ្វីដែលពិបាក ឬអាចបណ្ដុះគំនិតជាងការដែលដឹងថា អ្នកដទៃត្រូវពឹងផ្អែកលើខ្លួនយើងឡើយ។ កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក ក៏បានបញ្ចូលផងដែរនូវបញ្ហាពិភពលោកធ្ងន់ធ្ងរ ប៉ុន្តែពុំស៊ីជម្រៅពេកនោះឡើយ។ លោក Daniel Berdichevsky បានបន្តថា មុននឹងយើងអាចលង់ស្រឡាញ់ការសិក្សាបាន យើងត្រូវស្វែងរកភាពរីករាយពីការសិក្សាជាមុនសិន»។ សិស្សានុសិស្យនឹងត្រូវប្រកួតប្រជែងជាក្រុម ដែលមានសមាជិកចំនួន៣នាក់ ហើយត្រូវប្រកួតចំនួន២ថ្ងៃ សម្រាប់ជុំប្រកួតនៅទីក្នុងទីក្រុងភ្នំពេញ លើវិញ្ញាសារចំនួន០៤ ដូចជាការប្រកួតជជែកពិភាក្សាការសរសេរដោយការសហការគ្នាការប្រកួតប្រជែងបញ្ញា និងការប្រកួតឆ្លើយសំណួរ។ ខ្លឹមសាររួមសម្រាប់ការប្រកួតឆ្នាំនេះគឺ «ពិភពលោកមួយដ៏ជាប់ជំពាក់ជំពិន» ដែលរួមមានប្រធានបទដូចជាទំនាក់ទំនងរបស់មនុស្ស ប្រវត្តិការទូត ទីផ្សារងងឹត និងវិទ្យាសាស្ត្រស្ដីពីការចងចាំ។ កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោកសម្រាប់ជុំប្រកួតនៅទីក្នុងទីក្រុងភ្នំពេញ ផ្ដល់ឱកាសដល់បេក្ខជន ដើម្បីអាចឡើងទៅប្រកួតនៅជុំអន្តរជាតិ២០១៨ នៅក្នុងទីក្រុងគូឡាឡាំពួរ ទីក្រុងបាសេឡូណា ឬទីក្រុងមែលប៊ន ទៅតាមជម្រើសរបស់ពួកគាត់ និងដើម្បីអាចបន្តទៅប្រកួតក្នុងកម្មវិធី «ការប្រកួតយកជើងឯក» នៅសាកលវិទ្យាល័យយែល នៃសហរដ្ឋអាមេរិក។ សូមជម្រាបជូនថា កាលពីឆ្នាំ២០១៧ អង្គការស្ទីមកម្ពុជា បានរៀបចំកម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក ជាលើកដំបូង នៅទីក្រុងភ្នំពេញប្រកបដោយភាពជោគជ័យ ដោយមានសិស្សអស្ចារ្យចំនួន៤៩នាក់ អាចឡើងទៅប្រក្រួតនៅជុំអន្តរជាតិ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ពួកគាត់បានបញ្ចេញស្នាដៃបានយ៉ាងល្អក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជា និងបានឈ្នះមេដាយជាច្រើនជូនជាតិទៀតផង។ សិស្សចំនួន ១១នាក់ពីការប្រកួតវគ្គនេះ បានមានឱកាសឡើងទៅប្រកួតក្នុងកម្មវិធី «ការប្រកួតយកជើងឯក» នៅសាកលវិទ្យាល័យយែល នៅសហរដ្ឋអាមេរិក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.steamcambodia.ngo/world-scholars-cup/ ឬទាក់ទងទៅកាន់អង្គការស្ទីមកម្ពុជា តាមរយៈអ៊ីមែល at [email protected] ឬទូរស័ព្ទលេខ៖០២៣ ៧២ ៧២៦២៕