(ភ្នំពេញ)៖ បន្ទាប់ពីបានសិក្សាស្រាវជ្រាវប្រមូលផ្តុំនូវខ្លឹមសារ ទស្សនៈវិស័យ ដោយឈរលើមូលដ្ឋានការអនុវត្តនយោបាយឈ្នះឈ្នះ ទទួលបានសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធាន ក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ បានបើកកិច្ចប្រជុំការងារត្រៀមរៀបចំខ្លឹមសារ សារមន្ទីរ និងរចនាបថ រូបចម្លាក់ក្នុងវិមានឈ្នះឈ្នះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងថា ការប្រជុំវាយតម្លៃនៃដំណើរការសាងសង់វិមានឈ្នះឈ្នះ ជាមួយលក្ខណៈបច្ចេកទេសដោយឈានចូលដំណាក់កាលទី៣ រួមមាន៖ ការផលិតទាំងចម្លាក់ សំណង់ និងផែនការថ្មីៗ ដែលត្រូវដាក់ក្នុងដំណាក់កាលការរៀបចំសារមន្ទី ការរៀបចំប្រុងប្រៀប ដើម្បីបម្រើឱ្យព្រឹត្តិការណ៍ធំៗ តទៅមុខមួយចំនួនទៀតដែលទាក់ទងជាមួយព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។
មិនតែប៉ុណ្ណោះ គឺមានការប្រុងប្រៀប នឹងមានការប្រជុំជាមួយគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្រាប់កិច្ចប្រជុំនេះ គឺមានរបៀបវីរៈសំខាន់ៗ ដែលមានការសុំគោលការណ៍ពីគណៈកម្មការ ដើម្បីសម្រេចមុនដាក់សុំអនុសាសន៍របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើដំណើរការសាងសង់របស់យើងបន្តទៀត។
ជាមួយគ្នានេះ ប្រធានក្រុមការងារ បានបន្តថា «អ្វីដែលយើងបានប្រជុំនៅថ្ងៃនេះ គោលបំណងសំខាន់មួយទៀត គឺការប្រមូលផ្តុំឱ្យមើលឃើញបទពិសោធន៍ ទិដ្ឋភាពរួមសម្រាប់ពង្រីក និងពន្លាត នៃខ្លឹមសាររួមអំពីមូលដ្ឋានជាពិសេសភូមិភាគ បណ្តាខេត្ត និងគម្រោងដើម្បីងាយស្រួលក្នុងកាប្រមែរប្រមូល និងកសាងទិន្នន័យប្រវត្តិសាស្ត្រទាក់ទងទៅ និងនយោបាយឈ្នះឈ្នះ ទាក់ទងការរក្សាសន្តិសុខ និងនយោបាយយើងតទៅមុខទៀត»។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា រាល់ប្រធានបទនៃផ្តែរនីមួយៗ រចនាឡើងដើម្បីបង្ហាញអំពី ទិដ្ឋភាពប្រវត្តិសាស្រ្តថ្មីមួយ ដែលទាក់ទងការនាំមកនូវសន្តិភាពដល់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ការរចនាទៀតសោត គឺឈរលើមូលដ្ឋានបុរាណ និងច្នៃជាទម្រង់សិល្បៈថ្មី ដោយប្រើន័យធៀប និងន័យត្រង់។
ជាពិសេសគំនិត នៃការរចនាផ្តែរប្រវត្តិសាស្ត្រនេះ កើតចេញមកពីទស្សនទាន មួយចំនួនដូចជា៖ ទី១៖ ទស្សនទានរបស់សម្តេចតេជោ ហ៊ុន សែន «ខ្មែរបញ្ចប់ សង្រ្គាមដោយខ្មែរខ្លួនឯង» និង «មានតែអ្នកឈ្នះទេ ដែលមានសិទ្ធិសរសេរ និងតាក់តែងប្រវត្តិសាស្រ្ត»។ ទី២៖ ទស្សនទានរបស់សមេ្តចពិជ័យ ទៀ បាញ់ «ទម្រាំមានថ្ងៃនេះ» ដែលបានរៀបរាប់អំពីដំណើរ និងប្រវត្តិនានារបស់ថ្នាក់ដឹកនាំ ដើម្បីនាំសន្តិភាពមកកម្ពុជា។
ដូច្នេះអ្វីជាប្រវត្តិសាស្ត អ្វីជាការពិតចាំបាច់ខ្មែរត្រូវផ្សព្វផ្សាយឲ្យអ្នកជំនាន់ក្រោយបានដឹង ដូចជាឧទាហរណ៍ នៃការច្នៃចេញជាទម្រង់សិល្បៈនេះ ហើយលោក ណឹម សុវត្ថិ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមយោបល់ ក្នុងការជ្រើសរើសផ្តែរ សម្រាប់លំអរលើវិមានឈ្នះឈ្នះនេះ៕