(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌ​ឫស្សីកែវ​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១​ បានធ្វើការចុះបង្ក្រាបទីតាំងជួញដូរ​ និងចែកចាយគ្រឿងញៀន​មួយកន្លែង ​ដោយឃាត់ខ្លួន បានជនសង្ស័យប្រុស-ស្រី៥នាក់​ ដកហូតថ្នាំញៀនចំនួន​២០កញ្ចប់​ និងឧបករណ៍ប្រើប្រាស់មួយចំនួន​។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង​១២៖១០នាទីថ្ងៃត្រង់​ ថ្ងៃសុក្រ​ ១៣កើត​ ខែពិសាទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៨​នេះ ដែលស្ថិតនៅចំណុចផ្ទះជួល​គ្មាន ក្រុម១៤​ ភូមិចុងខ្សាច់​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី៥នាក់ ខាងលើ​នេះ រួមមាន​៖

ទី១៖ ឈ្មោះ​ យិន សំរឹទ្ទ​​​​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ មុខរបរ​ មិនពិតប្រាកដ​ (ជួញដូរ)​ ជនជាតិខ្មែរ ស្នាក់បន្ទប់ជួលខាងលើ​
ទី២៖ ឈ្មោះ​​ ភឹម ស្រីអូន ភេទស្រី​ ​អាយុ​២២ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​​​​ (ជួញដូរ) ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់ទីតាំងខាងលើ​
ទី៣៖ ឈ្មោះ​ សៀ​ង ស៊ីណា ភេទប្រុស អាយុ​៣៦ឆ្នាំ​ មុខរបរ​រត់កង់បី​​​ (ប្រើប្រាស់)​ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ​​​​​​​​​​​ សង្កាត់ទួលសង្កែ​​​​​​​​​
ទី៤៖ ឈ្មោះ វង្ស ថេង ភេទប្រុស អាយុ​២៥ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ (ប្រើប្រាស់)​ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលសង្កែ​​​ សង្កាត់ទួលសង្កែ​
ទី៥៖ ឈ្មោះ​ សុខ រាជ​ ភេទប្រុស អាយុ​២២ឆ្នាំ​ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់)​ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ​។

សមត្ថកិច្ច បានឲ្យដឹងថា​ ប្រតិបត្តិការ​ខាងលើនេះ​ គឺកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចុះបង្ក្រាបទីតាំងជួញដូរ​ និងចែកចាយគ្រឿងញៀនខាងលើ​ ដោយក្នុងពេល ចុះបង្ក្រាបនោះ​ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សប្រុស-ស្រី​៥នាក់​ ក្នុងនោះដកហូតថ្នាំញៀន​ ២០កញ្ចប់​ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយមក​កម្លាំងសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទាំង​៥នាក់ខាងលើ​ ទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ១​ ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យប្រុស-ស្រីទាំង៥នាក់ខាងលើ​ រួមនឹងវត្ថុតាង​ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគបាលខណ្ឌឫស្សីកែវ​ ដើម្បីកសាងសំណុំរឿង​ ចាត់ការបន្តតាមនីតិវិធីច្បាប់៕