(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងមួយ ដោយបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមអញ្ជើញទៅទទួលការពិនិត្យ ព្យាបាលជម្ងឺដោយវះកាត់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត វះកាត់អន្តរជាតិដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែក១៦ មករា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមសា ឆ្នាំ២០១៨នេះ ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកទេសវះកាត់អន្តរជាតិ និងអញ្ជើញមកធ្វើការពិនិត្យ ព្យាបាល ដោយវះកាត់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦មករា ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងទៀតថា ជម្ងឺដែលត្រូវពិនិត្យនិងវះកាត់រួមមាន៖
ទី១៖ ជម្ងឺគ្រួសក្នុងថង់ប្រម៉ាត់
ទី២៖ ដុំពក
ទី៣៖ ដុំនៅដោះ
ទី៤៖ ដុំនៅតួស្បូន
ទី៥៖ សីសនៅអូវែ
ទី៦៖ ស្រុតស្បូនតាមទ្វារក្រោម។
ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលមានជម្ងឺដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅទទួលយកការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ កុំបីអាក់ខានអោយសោះ។
ជាមួយគ្នានេះ លោក គួង ឡូ បានសន្យាថា លោកនឹងខិតខំធ្វើការទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត ដើម្បីមកពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅ ក្នុងខេត្តព្រះវិហារ នៅឱកាសក្រោយៗទៀត ក្នុងទិសដៅចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ ប្រុមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជារបស់យើង៕