(បន្ទាយមានជ័យ)៖ អភិបាលរងខេត្តបន្ទាយមានជ័យ លោក អោម ចន្ថា នាព្រឹកថ្ងៃ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានចូលរួមជាអធិបតីភាព ក្នុងកម្មវិធីទិវាផ្តល់ថ្នាំបង្ការពិភពលោក ក្រោមប្រធានបទ «ការពារសហគមន៍យើង ដោយចាក់វ៉ាក់សាំង» ដែលត្រូវបានប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សា ហ៊ុន សែនសូភី។

កម្មវិធីនេះ ក៏មានការចូលរួមពី លោកវេជ្ជបណ្ឌិត ទេស ស៊ីម៉ុន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំង លោក លោកស្រី ប្រធានមណ្ឌលសុខភាព ចំណុះស្រុកប្រតិបត្តិទាំង៤ជុំវិញខេត្ត ស្ថាប័នពាក់ព័ន្ធ យុវជនកាកកបាទក្រហមកម្ពុជាខេត្តសរុប ២៥០នាក់ផងដែរ។

លោក អោម ចន្ថា បានឲ្យដឹងថា ក្រសួង ក៏ដូចជាមន្ទីរសុខាភិបាល មានតួនាទីសំខាន់ក្នុងជួយព្យាលបាល ជម្ងឺជូនប្រជាពលរដ្ឋ ពិសេសមាតា និងទារកដើម្បីផ្តល់ថ្នាំបង្ការ ជម្ងឺផ្សេងៗ ជាក់ស្តែងថ្ងៃនេះ បានរៀបចំអបអរសាទរ ទិវាផ្តល់ថ្នាំបង្ការពិភពលោក ដើម្បីឲ្យទារក និងមាតាទទួលបានសេវាគាំពារសុខភាព និងចាក់វ៉ាក់សាំងការពារជម្ងឺរបេង ជម្ងឺរលាកថ្លើមផ្សេងៗ។

លោក អោម ចន្ថា ក៏បានក្រើនរម្លឹកដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានបម្រើការនៅតាមមណ្ឌលសុខភាព ត្រូវប្រកាន់ភ្ជាប់នៅក្រមសីលធម៌ មិនត្រូវប្រើពាក្យមិនសមគួរ ទៅលើអ្នកជម្ងឺដែលមកសុំផ្តល់សេវាព្យាបាលនៅមណ្ឌលសុខភាពឡើយ។

លោកវេជ្ជបណ្ឌិត ទេស ស៊ីម៉ន បានឲ្យដឹងដែរថា ក្រៅពីខេត្តបន្ទាយមានជ័យ កម្មវិធីនេះក៏ត្រូវបានប្រារព្ធធ្វើនៅទូទាំប្រទេស ដែលវាមានសារៈសំខាន់សម្រាប់ជួយដល់កុមារកម្ពុជា ក្នុងការចាក់ថ្នាំវ៉ាក់សាំង គឺដើម្បីការពារកុមារ ជៀសផុតពីជម្ងឺផ្សេងៗដូចជា៖ ជម្ងឺរបេង, ជម្ងឺរលាកថ្លើមប្រភេទបេ, ជម្ងឺគ្រុនស្វិតដៃជើង, ជម្ងឺតេតាណុស, ជម្ងឺក្អកមាន់, ជម្ងឺខាន់ស្លាក, ជម្ងឺរលាក់សួត និងស្រោមខួរក្បាលដោយបាក់តេរីហ៊ីប, ជម្ងឺរលាក់សួត និងស្រោមខួរក្បាលដោយ បាក់តេរីភ្នើម៉ូកូក, ជម្ងឺកញ្ច្រឹល, ជម្ងឺស្អូច និងជម្ងឺរលាកខួរក្បាល ជេអ៊ី ជាដើម។

ក្នុងពិធីអបអរសាទរ ទិវាផ្តល់ថ្នាំបង្ការពិភពលោក ក៏បានរៀបក្បួនដង្ហែរ ដើម្បីធ្វើការផ្សព្វផ្សាយ អំពីការផ្តល់ថ្នាំបង្ការតាមដងផ្លូវ ដោយចាប់ផ្តើមពីទីតាំងប្រារព្ធកម្មវិធី ឆ្ពោះតាមដងសួនមានជ័យ និងមកជួបជុំនៅសាលាបឋមសិក្សា ហ៊ុន សែនសូភី វិញ៕